ភ្នំពេញ៖ កាន់តែពិសេស
វិញ្ញាសារថ្មីមួយទៀត គឺវិញ្ញាសារប្រណាំងសេះ ក្រៅពីវិញ្ញាសារ ប្រណាំងរទេះគោ
និងក្របី នឹងត្រូវបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ
ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នឹងមកដល់ក្នុងពេលឆាប់ៗ ហើយ
គ្រប់បណ្ដាផ្នែកពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រៀបចំការកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ
ជាច្រើននៅសង្ក្រាន្តខេត្តសៀមរាប និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ។
ដោយកាលពីរសៀលថ្ងៃទី២៦ ឆ្នាំ២០២៥ ក្រុមការងារប្រណាំងរទេះគោ និងក្របី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានសហការជាមួយសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងម្ចាស់សេះដើម្បីធ្វើការប្រណាំងសមសាកល្បង ជ្រើសរើស និងសម្រិតសម្រាំងយកពូជសេះល្អៗដែលមានល្បឿនលឿន ទៅចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥នាពេលខាងមុខ។
តួរយ៉ាងសម្រាប់ ការប្រកួតប្រណាំងរទេះគោក្របីគឺជាមរតកវប្បធម៌ដូនតាខ្មែរ ដែលឆ្លុះបញ្ចាំងអំពីវិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រឡាញ់ និងថែរក្សាបរិសា្ថនក្នុងសន្ដានចិត្តរបស់ប្រជាជនខ្មែរ ជាពិសេសនោះ ចង់បង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ និងក្របីជាសត្វពាហនៈអាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន ដែលការប្រកួតប្រណាំងរទេះគោ-ក្របីនេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។