កំពង់ស្ពឺ៖
លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន ពាក់ព័ន្ធនិងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក លើគម្រោងរត់អាជ្ញាបណ្ណរ៉ែ៨០ម៉ឺនដុល្លាមិនបានសម្រេច។
បើយោងតាមប្រភពព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះថាអភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី និងបក្ខពួក២នាក់ទៀតឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ បទល្មើសនេះ មានបញ្ញត្តិ និងចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ និងឈ្មោះ អ៊ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទសមគំនិតក្នុងអំពើរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ប្រភពបានបញ្ជាក់បន្ថែមថា អភិបាលរងខេត្តកំពង់ស្ពឺនិងបក្ខពួក២នាក់ផ្សេងទៀត បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីអយ្យការអមសាលាដំបូងខេត្ត និងសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ៕