ភ្នំពេញ ៖
ជនសង្ស័យលួច ឆក់ និង ក្រុមក្មេងទំនើងបង្កហិង្សាចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ យកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០២៥នេះ ។
តាមនគរបាល បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវបង្ក្រាប បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ ជាលទ្ធផលបង្រ្កាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ក្នុងនោះមានករណីឆក់, ករណី លួច និងករណីក្មេងទំនើងប្រើហឹង្សា។
ក្រោយបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង២០នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕