កណ្តាល ៖

ករណីជម្លោះប្តីប្រពន្ធលែងលះមិនដាច់  លោកប្តី សម្រេចបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាក់សាំងដុតខ្លួនឯងហើយនិងកូនស្រីដែលមិនទាន់ដឹងក្តី  ដែលហេតុការណ៍ដ៏យង់ឃ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងត្រូវបានប្រពន្ធ ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាប្តី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ 

លោកវរៈសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបានប្រាប់ឲ្យដឹងថាកុមារីរងគ្រោះមានឈ្មោះ  រដ្ឋា ម៉ារី អាយុ១ឆ្នាំ៧ខែ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញនៅឡើយ។ ចំនែកជនសង្ស័យ មានឈ្មោះ នូវ រដ្ឋា អាយុ៣៨ឆ្នាំជាឪពុករបស់កុមារីរងគ្រោះ មុខរបរ កសិករ មានទីលំនៅជាមួយកូនស្រី ក្នុងភូមិក្បាលកោះធំ  ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ។  

កន្លងមក ជនសង្ស័យជាប្តីនិងជាឪពុកកុមារីរងគ្រោះ តែងតែមានជម្លោះឈ្លោះទាស់ទែងខ្វែងគំនិត ហើយជារឿយ ៗ ជនសង្ស័យតែងតែប្រើអំពើហិង្សាទៅកូននិងប្រពន្ធមិនដែលលោះ។  មានពេលខ្លះ គម្រាមថានឹងសម្លាប់និងរកដុតផ្ទះចោលទៀតផង រហូតប្រពន្ធទ្រាំលែងបានក៏ទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំ ដើម្បីសុំលែងលះ តែជនសង្ស័យជាប្តីមិនព្រមផ្តិតមេដៃ យល់ព្រមលែងលះនោះឡើយ។ លុះនៅវេលាកើតហេតុ ជនសង្ស័យបានជិះម៉ូតូដោយយកកូនស្រីជាកុមារីរងគ្រោះ ទៅជាមួយផង។ 

ពេលជិះមកដល់មុខសិប្បកម្មជាកន្លែងប្រពន្ធធ្វើការ ជនសង្ស័យ ក៏ឈប់ម៉ូតូ ហើយ បីអោបកុមារីរងគ្រោះ ស្រែកហៅនិងសុំអង្វរប្រពន្ធឲ្យត្រឡប់ទៅផ្ទះត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម និង បានដើរទៅឆក់យកកូនស្រីពីជនសង្ស័យជាប្តី តែជនសង្ស័យមិនព្រមឲ្យ ។

ប្រពន្ធ ក៏សុំអោយបងប្អូនជិតខាងជួយយកកូន ចេញពីក្នុងដៃជនសង្ស័យ ក៏ស្រាប់តែជនសង្ស័យស្ទុះទៅយកដបទឹកសុទ្ធដែលច្រកសាំងកន្លះលីត្រ នៅលើរានម៉ូតូ មកចាក់ស្រោចលើខ្លួន និងបានខ្ទៀតសាំងទៅលើកូនស្រីជាកុមារីរងគ្រោះ រួចជនសង្ស័យក៏យកដែកកេះពីក្នុងហោប៉ៅខោ មកកេះដុតឆេះទាំងខ្លួនឯង និងឆេះទាំងកូនស្រី យ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះ បានសន្តិសុខយាមនៅធនាគារក្បែរនោះជួយយកបំពង់ឧស្ម័នបាញ់ពន្លត់និងម្តាយ បានដឹកកូនស្រីដែលរងរបួសក្តៅរលាក បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។ ចំនែកជនសង្ស័យជាឪពុក ក៏ត្រូវបានបងប្អូននៅក្បែរទីតាំងកើតហេតុ ជួយបញ្ជូនសង្គ្រោះក្នុងមន្ទីរពេទ្យតេជោសែន ស្រុកកោះធំ ។

ហើយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥  ម្តាយកុមារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ( ប្តី) អនុវត្តទោសទណ្ឌទៅតាមផ្លូវច្បាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សាំងដុតខ្លួនឯង ហើយ និងកូនស្រីពឹតប្រាកដមែន ៕