ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចាត់ទុក ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈវិស័យកីឡា ហើយក៏ជាអ្វីដែលអ្នកជំនាន់ក្រោយ ត្រូវចងចាំ ដឹងគុណ និងតបស្នងផងដែរ។

នេះបើយោងតាមសាររបស់ឯកឧត្តមដែលបានបង្ហោះ ក្រោយពិធីពិសារអាហារសាមគ្គី ក្រុមបាល់ទាត់វ័យចាស់ ២០២២ ជាមួយចាស់ព្រឹទ្ធាចារ្យកីឡលា កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ។ ការទទួលទានអាហារសាមគ្គីនេះ គេឃើញមានចាស់ព្រឹទ្ធាចារ្យជាច្រើន តាំងពីជំនាន់សង្គមរាស្ដ្រនិយម។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវក្តីសោមនស្សរីករាយ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំងពីជំនាន់សង្គមរាស្រ្តនិយម ក្នុងឱកាសនោះ ហើយបានស្តាប់ពីអនុស្សាវរីយ៍ជាច្រើនពីការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ ដែលសុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងវិស័យកីឡាកម្ពុជា។ 

ឯកឧត្តមសង្កត់ធ្ងន់ថា «ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នកដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយរីករាយជូនពួកគាត់ គឺជាការតបស្នងចំពោះគុណបំណាច់ដែលលោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែលយើងមិនគួរបំភ្លេច»។

តាមរយៈស្នាមញញឹម និងសំលេងសើចក្អាកក្អាយ ដែលកើតមាននារាត្រីដ៏ស្រស់ត្រកាលខាងលើដែរ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកជាការជួបជុំគ្នា និងជាឱកាស ដែលពួកគាត់(ចាស់ព្រឹទ្ធាចារ្យកីឡា) បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំណាល សាកសួរទុក្ខគ្នាទៅវិញទៅមក ក្រោយខានជួបគ្នាមួយរយៈផងដែរ៕