នៅថ្ងៃបំពាក់ឆៀងរបស់កម្មវិធី Miss Cosmo Cambodia ឆ្នាំ ២០២៥ កាលពេលថ្មីៗកន្លងទៅនេះ កញ្ញា អ៊ិន លក្ខិណា ដែលជា Miss Cosmo Cambodia ឆ្នាំ ២០២៤ និងជា Top 10 Miss Cosmo ឆ្នាំ ២០២៤ បានបង្ហាញចំណាប់អារម្មណ៍រំភើប ដែលបានឃើញរូបសម្រស់បេក្ខនារីផ្លូវការទាំង ២៥ រូប មកព្រមជាមួយសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ។ នៅក្នុងថ្ងៃបំពាក់ឆៀងដ៏មហោឡារិកនេះ លក្ខិណា បានចែករំលែកបទពិសោធជាច្រើនទៅកាន់បេក្ខនារីដែលជាសិស្សប្អូនរបស់ខ្លួនថា ចង់ឱ្យបេក្ខនារីទាំងអស់មានទំនុកចិត្តលើខ្លួនឯង មានភាពរឹងមាំ មកប្រកួតដោយឆន្ទៈ និងមានគោលដៅច្បាស់លាស់ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការចេះស្រឡាញ់ខ្លួនឯង និងមានភាពស្មោះត្រង់នៅក្នុងខ្លួនជានិច្ច។ យ៉ាងណាមិញតាមរយៈការផ្តល់បទសំភាសន៍នៅពីមុខអ្នកសារព័ត៌មានជាច្រើននាក់ កញ្ញា អ៊ិន លក្ខិណា បានបង្ហាញពីការដឹងគុណដល់អ្នកគ្រប់គ្រងការប្រកួតចាស់ គឺលោកស្រី អ៊ឹម សុគន្ធា ដែលបានផ្តល់ឱកាសដល់បវរកញ្ញារូបនេះ បានតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Cosmo កាលពីឆ្នាំ ២០២៤។ ជាមួយគ្នានេះ លក្ខិណា ក៏បានអរគុណដល់ខ្លួនឯងជាពិសេស ដែលបានរៀបចំអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ដើម្បីទៅប្រកួតនៅលើឆាកអន្តរជាតិ និងបានពាំនាំយកភាពជោគជ័យមកកាន់ប្រទេសកម្ពុជាផងដែរ។

គួរឱ្យដឹងបន្ថែមថា ថ្មីៗនេះ យោងតាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Cosmo និង Miss Cosmo Cambodia ឃើញថា កញ្ញា អ៊ិន លក្ខិណា ក៏ទើបតែទទួលបានតំណែងថ្មីមួយបន្ថែមទៀតពីលើតំណែង Top10 នោះគឺតំណែងជា “ឯកអគ្គរដ្ឋទូតនៃអានុភាព”។ ជាមួយនឹងតំណែងដ៏ស័ក្តិសមឥតខ្ចោះនេះ ក៏ទទួលបានការសាទរពីមហាជនយ៉ាងច្រើនកុះករដូចគ្នាដែរ៕