កណ្ដាល៖
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបំភ្លឺព័ត៌មានពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។
ប្រភពបញ្ជាក់ថា ចំពោះករណីខាងលើនេះ ជាករណីឆក់ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ០២គ្រឿងធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយ កម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះ ត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។
ប្រភពក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត
កណ្តាល បញ្ជាក់ទៀតថា ពេលនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក០១នាក់ទៀត រត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះ ដើម្បីជិះគេចខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕