ខេត្តកណ្តាល៖ 

ស្នេហ៍ក្រៅតម្រា បានខ្លួនត្រឹមឋានៈជាសង្សា ហ៊ានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  បង្ករបួសស្នាម ព្រោះភ្លើងប្រចណ្ឌ័ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០២ខែមីនាឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ។

 

នារីរងគ្រោះមានឈ្មោះ អឿន ណាលីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។ មានរបួសស្នាមចំនួន០៣កន្លែង  ត្រង់ខ្នងដៃខាងស្តាំមួយកន្លែង កែងដៃមួយនិងស្មាមួយកន្លែង។ ចំនែកជនសង្ស័យមានគីគ្នាចំនួន០៤នាក់ ក្នុងនោះ ឈ្មោះ សម្ភស្ស គឹមស្រ៊ាន  ភេទប្រុស អាយុ២០ឆ្នាំ  មុខរបរជាងកញ្ចក់ ត្រូវជាសង្សានិងនារីរងគ្រោះ។ 

វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បន្តទៀតថារវាងជនសង្ស័យនិងនារីរងគ្រោះ បានស្រលាញ់គ្នាធ្វើជាសង្សាអស់រយៈពេលជិតមួយឆ្នាំមកហើយ និងធ្លាប់បានដេករស់នៅផ្ទះជួលជាមួយគ្នាដូចប្តីប្រពន្ធទៀតផង។ លុះដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង៣០នាទី ជនសង្ស័យ បានជិះម៉ូតូទៅលេងនារីរងគ្រោះដល់បន្ទប់ជួល ក៏ស្រាប់តែឃើញនារីរងគ្រោះកំពុងអង្គុយជជែកលេងជាមួយបុរសផ្សេងម្នាក់ទៀត ធ្វើឲ្យជនសង្ស័យខឹងប្រចណ្ឌ័ ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ យកកូនកាំបិតចុងស្រួចលាក់ទុកក្នុងខ្លួន  បន្ទាប់មក បានបបួលមិត្តភក្ត័បីនាក់ទៀត ជិះម៉ូតូ២គ្រឿងដោយប្រាប់ថាទៅលេងផ្ទះសង្សាមួយភ្លែត ។

លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យទាំងបួននាក់ បានជិះម៉ូតូ២គ្រឿងទៅដល់មុខបន្ទប់ជួលរបស់នារីរងគ្រោះ ហើយ ជនសង្ស័យឈ្មោះ សម្ភស្ស គឹមស្រ៊ាន បានចុះពីលើម៉ូតូ ដើរចូលក្នុងបន្ទប់ជនរងគ្រោះហើយស្រែករកបុរសដែលត្រូវចោទថាជាសង្សាថ្មី ហើយ ក៏បានដកកូនកាំបិតបំណងចាក់ទៅលើបុរសនោះដែលនៅក្នុងបន្ទប់ជាមួយនារីរងគ្រោះ តែពេលនោះ នារីរងគ្រោះ បានរត់ទៅឃាត់ ត្រូវជនសង្ស័យចាក់ត្រូវបីកន្លែង។ ក្រោយកើតហេតុ ជនសង្ស័យ បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួក៣នាក់ទៀត ដើម្បីរត់គេចខ្លួន។ លុះមកដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន០២នាក់បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរចាត់ការតាមនិតិវិធីតែម្តង ។

តាមការសាកសួរ  ជនសង្ស័យឈ្មោះសម្ភស្សគឹមស្រ៊ាន បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រចណ្ឌ័ជនរងគ្រោះដែលជាសង្សារហ៊ានមានសង្សាថ្មី ហើយបានយកកូនកាំបិតគោលបំណងទៅចាក់សង្សារថ្មីរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់មកជួយ ទើបចាក់ជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕