ភ្នំពេញ៖
រថយន្តអេសសាំយ៉ុង១គ្រឿង ដឹកធូបនាំចូលពីប្រទេសវៀតណាម ដាក់នៅរាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿន ខណៈមេឃកំពុងភ្លៀងរលឹម ហើយ ពេលទៅដល់ត្រង់ចំណុចផ្លូវកោង ក៏ស្រាប់តែជ្រុលធ្លាក់ផ្លូវ រួចក៏ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ចំណែកអ្នកបើកបររងរបួសស្រាល ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវព្រៃស ភូមិពងទឹក សង្កាត់ពឹងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកអេសសាំយ៉ុង១គ្រឿង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2H-0021 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ។ ខណៈនោះមេឃភ្លៀងរលឹមហើយផ្លូវរអិលផងដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ក៏បានជ្រុលធ្លាក់ផ្លូវរួចក៏ក្រឡាប់ផ្ងារជើងទាំងកំរោលតែម្ដង ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះនៅក្នុងរថយន្តនោះសុទ្ធតែធូប ហើយពុំមានមនុស្សជិះក្នុងនោះឡើយ មានតែអ្នកបើកបររថយន្តម្នាក់និងរងរបួសស្រាលប៉ុណ្ណោះ និងសំណាងល្អ ពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឲ្យម្ចាស់យករថយន្តស្ទូចទៅស្ទូចយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕