ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា មានការរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយស្តីពីការប្រកួតបាល់ទាត់មិត្តភាពដណ្តើមពានរង្វាន់ “សតវត្សរ៍ នៃព្រះធម៌” ដើម្បីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ម្ចាស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសូហ្វីតែលអង្គរភូគីត្រាខេត្តសៀមរាប និងជានាយកប្រតិបត្តិស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ឯកឧត្តម ឧត្តមសេនីយទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Vattanac Brewery ព្រមទាំងតំណាងក្រុមបាល់ទាត់តារាកម្ពុជា និងគុនខ្មែរ រួមទាំងតំណាងក្រុមតារាថៃ និងក្រុមមួយថៃជាច្រើនរូបទៀត។
លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍នេះឡើងបានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រកួតបាល់ទាត់មិត្តភាពនេះមិនផ្តោតសំខាន់លើលទ្ធផលឈ្នះ ចាញ់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺការរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន។ លោកបណ្ឌិតនៅតែលើកឡើងជាដដែលៗថា ប្រជាជាតិកម្ពុជា ថៃ ប្រៀបបានជាបងប្អូននឹងគ្នា ព្រោះមានប្រវត្តិចាក់ស្រេះជាមួយគ្នាអស់ជាច្រើនពាន់ឆ្នាំមកហើយ ពិសេសជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា និងឋិតនៅតាមបណ្តោយទន្លេមេគង្គជាមួយគ្នាទៀត។ ដូច្នេះ ប្រទេសទាំង២ ត្រូវតែរក្សាទំនាក់ទំនងជាមួយគ្នាឲ្យបានល្អចាប់ពីពេលនេះ និងតទៅដល់អនាគតជារៀងរហូត។
ឯកឧត្តម ឃ្លាំង ហួត ក៏បានឆ្លៀតឱកាសនេះកោតសរសើរដល់លោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ស្ថាបនិកពានរង្វាន់ “សតវត្សរ៍ នៃព្រះធម៌” នេះ ថាជាមនុស្សវ័យឆ្លាត ខ្លាំងពូកែ ទើបអាចនឹកឃើញបង្កើតគំនិតល្អបែបនេះ ក្នុងគោលបំណងរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ ដែលជាអ្នកជិតខាងភូមិផងរបងតែមួយអស់ជាច្រើនពាន់ឆ្នាំមកហើយ។ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញលើកទឹកចិត្តឲ្យក្រុមកីឡាករទាំង ៤ក្រុមដែលចូលរួមនៅថ្ងៃស្អែកប្រកួតតាមសប្បាយ និងឈរលើស្មារតី Fair Play ហើយត្រូវគិតពីមិត្តភាព និងទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ព្រោះការរក្សាសន្តិភាពជាមួយប្រទេសជិតខាងបានល្អ ទើបនាំឲ្យប្រជាជាតិទាំងសងខាងរស់នៅបានស្រួល និងអាចរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែជឿនលឿនឡើងជាលំដាប់។
ឯកឧត្តម ឃ្លាំង ហួត អះអាងថា ព្រឹត្តិការណ៍មួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្តេចក៏រំពឹងចង់ឃើញព្រឹត្តិការណ៍ដ៏ធំមួយនេះប្រព្រឹត្តទៅដោយរលូនផងដែរ។
គួរបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នេះ មាន ៤ក្រុមចូលរួម ស្មើ ២គូ ដោយគូទី១ ជាជំនួបរវាងក្រុមគុនខ្មែរ All Star ជាមួយក្រុម Muay Thai All Star
រីឯគូទី២ ជាជំនួបរវាងក្រុមតារាបាល់ទាត់កម្ពុជា និងក្រុមតារាបាល់ទាត់ថៃ
កម្មវិធីនឹងចាប់ផ្តើមឡើងចាប់ពីវេលាម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ៕