សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី 25 ខែមីនាថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងដាច់ដោយឡែក ជាមួយប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាសុវត្ថិភាពការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ និងដើម្បីអនុវត្តការហាមឃាត់ការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពលនៅក្នុងប្រទេសទាំងពីរ ដោយទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមជំរុញឲ្យមានការដកទណ្ឌកម្មមួយចំនួនលើទីក្រុងម៉ូស្គូ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា យើងកំពុងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី និងអ៊ុយក្រែន ហើយអ្វីៗទាំងអស់ ដំណើរការទៅយ៉ាងរលូន។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងដាច់ដោយឡែកនេះ គឺជាការប្តេជ្ញាចិត្តជាផ្លូវការលើកដំបូងដោយភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងជំរុញឲ្យមានការបិទបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង 3 ឆ្នាំមួយនេះ។