ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រកួតប្រព្រឹត្តទៅបានល្អ ទាល់តែមានមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម មានវិជ្ជាជីវៈត្រឹមត្រូវ យល់ដឹងពីរបៀបដឹកនាំការប្រកួត វិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ (Fair Play) មានក្រមសីលធម៌ អព្យាក្រឹត ហើយចៅក្រមត្រូវមានចំណេះដឹងច្បាស់លាស់ទាំងអ្នកនៅផ្នែកសម្ដែង និងផ្នែកប្រយុទ្ធ ដើម្បីឱ្យការផ្ដល់ពិន្ទុមានភាពត្រឹមត្រូវ។ 


     នេះជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម មានសិក្ខាកាមចូលរួម៧០នាក់ រយៈពេល២ថ្ងៃពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៥ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្ដម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ដែលបានក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសប្រកបដោយបទពិសោធច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានបង្ហាញការដឹងគុណដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកកម្ពស់យុទ្ធគុនខ្មែរបុរាណដែលជាព្រលឹងដូនតាខ្មែរឡើងវិញ តាមរយៈការខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាយុទ្ធគុនខ្មែរ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ឆ្នាំ២០២៤ កន្លងទៅប្រកបដោយភាពជោគជ័យ។

 គួរបញ្ជាក់ថា ដំណើរការវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ ដោយផ្ដោតលើទ្រឹស្ដីកីឡាប្រយុទ្ធយុទ្ធគុនចម្រុះខ្មែរបុរាណ បទបញ្ជាផ្ទៃក្នុង ការដាក់ពិន្ទុតាមប្រព័ន្ធឌីជីថល។ ក្រៅពីនេះក៏មានការអនុវត្តផ្ទាល់ និងមើលការប្រើកាយវិការបច្ចេកទេសរបស់អាជ្ញាកណ្ដាលផងដែរ។ សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតី លើកទី២ គ្រោងនឹងធ្វើពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕