ភ្នំពេញៈ លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានថ្លែង ការកោតសសើរ ចមពោះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ថា ការបង្កើតទើបតែបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែការរីកចម្រើន ខ្លាំងគួរកត់សម្គាល់ ទាំងបច្ចេកទេស និងសមត្ថភាព។អនុប្រធានរូបនេះ បានថ្លែងសសើរ បែបនេះ គ្រាដែលលោក ចូលរួមនៅក្នុងពិធីបិទ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ បញ្ចស៊ីឡាត់ ឆ្នាំ២០២៥ លើកទី១ នាល្ងាចថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥។
លោក ឈាង សុវណ្ណរតនា បានរំលេចទៀតថា នេះជាឆ្នាំដំបូងដែលយើងបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ តែសន្ទស្សន៍នៃការរួមរបស់កីឡាករកីឡាការិនីយើងមានចំនួនច្រើនផុសផុល ពិសេស គឺការចូលរួមពីកីឡាការិនី ទោះបីយ៉ាងពុំទាន់ទទួលបានថវកាគាំទ្រពីក្រសួងអប់រំយ៉ាងណាក្តី។ លោក សង្ឃឹមជឿជាក់ថា ការប្រកួតជើងឯកនៅឆ្នាំក្រោយ ការចូលរួមពីកីឡាករកីឡាការិនីរបស់យើងកាន់តែមានចំនួនច្រើនជាងនេះទៅទៀត។ លោកថា កីឡាករកីឡាការិនី ដែលជាប់ជ័យលាភីនៅក្នុងការកួតជើងឯកថ្នាក់ជាតិនេះ ត្រូវខិតខំដុះខាត់សមត្ថភាពទ្វេដងបន្ថែមទៀត ព្រោះ យើងនិងក្លាយជាបេក្ខភាពជ្រើសរើសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ ។ ទន្ទឹមជាមួយគ្នានេះ លោក អនុប្រធានក៏បាន ក្រើនរំលឹក ដល់ប្អូនក្មួយៗកីឡាករកីឡាការិនី ដែលទទួលបាននូវចំណេះជំនាញកីឡាមួយនេះ សូមខ្លាំងតែលើសង្វៀនបានហើយ មិនត្រូវខ្លាំងក្រៅសង្វៀននោះទេ ព្រោះអ្នកខ្លាំងក្រៅសង្វៀនប្រកួត មកដល់ពេលបច្ចប្បន្ននេះ គឺបានជាប់គុក និងស្លាប់ច្រើនណាស់ ដោយសារអំនួតកាប់ចាក់គ្នា មិនគោរពច្បាប់ប្រទេស។
ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ទទួលបានការចុះឈ្មោះចូលរួមពី២២សាលាគុនមកពី៩រាជធានី-ខេត្ត និងមានអត្តពលិកសរុប ១២៧នាក់ (កីឡាករ ៨៦នាក់ និងកីឡាការិនី៤១នាក់) និងបូកសរុបរួមទាំងប្រតិភូគ្រូបង្វឹក មន្ត្រីគណៈកម្ ការ ក្រុមការងារទទួលបន្ទុកអនុគណៈកម្មការនីមួយ មានចំនួនសរុប ២១២នាក់។ ចំពោះវិញ្ញាសាមានចំនួន ១៥ ក្នុងនោះមានប្រយុទ្ធផ្នែកបុរស ៩វិញ្ញាសា និងប្រយុទ្ធនារី ៦វិញ្ញាសា។
លោក អ៊ួ តារា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានិងអនុប្រធាន ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឱ្យចេញជារូបរាងឡើងជាលើកដំបូង ដើម្បីបោះជំហានមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិកប្រកបដោយទេពកោសល្យ និងផ្សព្វផ្សាយប្រភេទកីឡាបញ្ចស៊ីឡាត់ឱ្យបានសុះសាយនៅប្រទេសកម្ពុជា។
ជាលទ្ធផលបច្ចេកទេស ក្នុងចំណោម ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ទទួលបាន មេដាយមាស ១០គ្រឿង, លេខ២ សាលាគុនតារាជ មេដាយសរុប ៥គ្រឿង (មាស ២ សំរឹទ្ធ៣), លេខ៣ សាលាគុន ឫទ្ធាឥសាន មេដាយសរុប ៤ (មាស១ ប្រាក់២ សំរឹទ្ធ១) លេខ ៤ សាលាគុន ហនុមានមានជ័យ មេដាយសរុប៤គ្រឿង (មាស១ សំរឹទ្ធ២) លេខ៥ សាលាគុន ស៊ីឡាត់ភ្នំពេញ មេដាយមាស១ និងសំរឹទ្ធ១៕