នារសៀលថ្ងៃទី ២៥ ខែមីនា នេះ ឯកឧត្តមទេសរដ្ឋមន្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា "៖ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូទាំងអស់់ និងផ្ដល់នូវព័ត៌មានមួយចំនួនស្ដីពីយុទ្ធគុនខ្មែរដែលជាយុទ្ធគុនចំណាស់យូរអង្វែង ជាវប្បធម៌ជាតិ ជាព្រលឹងវប្បធម៌ជាតិខ្មែរ។

យើងមានគុនខ្មែរជាក្បាច់គុនចំណាស់ តែដោយសារសង្គ្រាមស៊ីវិល យើងបាត់ឱកាសអភិវឌ្ឍ និងផ្សព្វផ្សាយ។ ឥឡូវនេះយើងកំពុងតែអភិវឌ្ឍ និងផ្សព្វផ្សាយ ហើយអរគុណដល់ប្រតិភូពីសហរដ្ឋអាមេរិកដែលបានគាំទ្រ និងជួយលើកស្ទួយគុនខ្មែរ។ សម្ដេចបានអរគុណដល់ប្រតិភូពីសហរដ្ឋអាមេរិកដែលបានគាំទ្រ និងជួយលើកស្ទួយគុនខ្មែរ។

នេះជាការប្រកួតបង្ហាញពីមិត្តភាពរវាងអាមេរិក និងកម្ពុជា និងស្មារតីកីឡារវាងគុនខ្មែរ និងគុនខ្មែរនៅអាមេរិក។ សម្ដេចធិបតីក៏បានមានប្រសាសន៍ពីចម្លាក់ជាច្រើននៅតាមប្រាសាទ និងសូមឱ្យប្រតិភូឆ្លៀតទៅទស្សនានៅប្រាសាទអង្គរវត្ត ពិនិត្យឃើញក្បាច់ចម្លាក់ទាំងអស់ហ្នឹង។

សម្ដេចក៏បានរំឭកដែរថា ក្បាច់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម បានប្រមូលគ្នាចងក្រងឱ្យទៅជាក្បាច់គុនដែលផ្ដួចផ្ដើមដោយសម្ដេចដើម្បីបង្កើតក្បាច់គុនកងយោធពលខេមរភូមិន្ទដែលដាក់ឱ្យកងទ័ពហ្វឹកហាត់។

ប្រតិភូអាមេរិកក៏បានថ្លែងអំណរគុណដល់សម្ដេចធិបតីចំពោះការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ចំពោះការជំនួបសម្ដែងការគួរសមនេះ និងទទួលបានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅពីសម្ដេច ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡាធ្វើឱ្យសមាជិកប្រតិភូទាំងអស់មានភាពសប្បាយរីករាយ។ ប្រតិភូអាមេរិកបានបង្ហាញពីមនោសញ្ចេតនា និងខិតខំលើកកម្ពស់គុនខ្មែរបន្តទៀតជាមួយខាងថោន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។"