ភ្នំពេញ៖
សពស្រ្តីម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែងដែលជាករណីឃាតកម្មដែលត្រូវបានឃាតករវាយសម្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីរូបនោះពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជា៣០ឆ្នាំហើយតាមសម្លៀកបំពាក់ គេសង្ស័យថា នារីរូបនោះ ជាមេការនៅភោជនីយដ្ឋានណាមួយ។ នារីរូបនោះមានស្នាមចាក់សាក់រូបស្លាប និងអក្សរ Oun leak (អូនល័ក) នៅកំភួនដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបផ្កានៅថ្លើមដៃខាងឆ្វេង, មានស្នាមចាក់សាក់រូបក្បាច់់នៅម្រាមកណ្តាលដៃខាងឆ្វេង។
តាមការត្រួតពិនិត្យសាកសព នៅក្នុងហោប៉ៅសំពត់ មានក្រវិលកំប៉ុងស្រាបៀរចំនួន៥, កូនសោរម៉ូតូ១កូនសោរដែក២ លុយខ្មែរចំនួន៤៣៥០០រៀល។ សាកសពមានស្នាមជាំភ្នែកទាំងសងខាង,ស្នាមជាំនៅលើផ្ទៃមុខទាំងសខាង។
តាមការត្រួតពិនិត្យសាកសពគ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថានារីរងគ្រោះ បានស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ដែលជាករណីឃាតកម្ម។ជុំវិញករណីឃាតកម្មនេះគេពុំដឹងថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ព្រោះរឿងគំនុំអ្វីឡើយ។
គេ មានការសង្ស័យថាជនរងគ្រោះ អាចមានទំនាក់ទំនងជាមួយនិងឃាតករ ហើយ ត្រូវឃាតករវាយសម្លាប់រួចអូសយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍ខាងលើ។
សពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នូវឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរបងប្អូន៕