ភ្នំពេញ៖
បុរសមានវិបត្តិម្នាក់ដែលជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅ ហៅស្ពានលីយ៉ុងផាត់ កាលពីយប់ថ្ងៃទី១៨ខែមិនានោះ បានអណ្ដែតហើយ កាលពីព្រឹកថ្ងៃទី២០ ខែមិនាឆ្នាំ ២០២៥នេះ។
សពបុរសដែលគិតខ្លីឈ្មោះញ៉ែត សុផលអាយុ៤០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថាសពបុរសរូបនោះ បានអណ្ដែតឡើងកាលពីវេលាម៉ោងប្រមាណជា១០ព្រឹកថ្ងៃទី២០ ខែមិនា នៅចំណុចខាងត្បូងស្ពានព្រែកព្នៅ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីអណ្ដែត ត្រូវបានក្រុមគ្រួសារជួលទូកអូសយកទៅក្រោយវត្តព្រែកព្នៅ ដើម្បីរៀបចំវេចខ្ចប់យកទៅធ្វើបុណ្យតាមប្រពៃណី។
តាមក្រុមគ្រួសារសព បានឲ្យដឹងថាបុរសរូបនោះ មានជំងឺប្រចាំកាយនិងជំពាក់ប្រាក់គេជាច្រើនរួមផ្សំនិងមានទំនាស់គ្នានៅក្នុងគ្រួសារបន្តិចបន្តួចហើយនៅមុនពេលកើតហេតុ ក៏ផ្ដាំប្រពន្ធថា មើលមុខប្ដីលើកចុងក្រោយ រួចក៏បើកម៉ូតូកង់បី ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្ដង។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕