លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានស្វាគមន៍នូវសំណើបទឈប់បាញ់រយៈពេល 30 ថ្ងៃ ដែលបានព្រមព្រៀងគ្នានៅក្នុងជំនួបរវាងមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត។ លោក ហ្សេលេនស្គី ដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា បទឈប់បាញ់គឺជា "សំណើវិជ្ជមាន" ដែលមានសារសំខាន់យ៉ាងខ្លាំងសម្រាប់សមរភូមិជួរមុខ និងការវាយប្រហារទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានយល់ព្រមបន្តជំនួយ យោធា និងចែករំលែកចារកម្មជាមួយប្រទេសអ៊ុយក្រែនឡើងវិញ។ ភាគីទាំងពីរក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង គៀវ បានយល់ព្រមលើដំណើរការកិច្ចព្រមព្រៀងរ៉ែកម្ររបស់អ៊ុយក្រែន ជាកិច្ចព្រមព្រៀងដែលត្រូវផ្អាក បន្ទាប់ពីជម្លោះពាក្យសំដីរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នោះ។