បាត់ដំបង៖
បុរសម្នាក់ដែលគេស្គាល់ថា ជាមុខសញ្ញាធ្លាប់ប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងនៅវេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះបង្កឡើងដោយឈ្មោះ បួរ ស៊ីណា ភេទប្រុស អាយុ ២៥ឆ្នាំ ដែលជាកូនបង្កើតរបស់ឈ្មោះ បួរ សន ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពដុតផ្ទះទំហំ ៦ម៉ែត្រ×៩ម៉ែត្រ ១ជាន់ ផ្ទះចាស់ ធ្វើអំពីឈើ ប្រក់សង្គ័សី ជញ្ជាំងសង្គ័សី បណ្តាលអោយឆេះខូចខាតទាំងស្រុង រួមជាមួយសម្ភារៈក្នុងផ្ទះមួយចំនួនគិតជាទឹកប្រាក់ប្រហែល ៦០០០ ០០០រៀល (ប្រាំមួយលានរៀល) ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ ពីព្រោះផ្លូវតូចចង្អៀតចូលពុំរួច ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបវេល និងតេស្តពិនិត្យមើលសារធាតុញៀនដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕