អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ លោក ឈាង សុវណ្ណរតនា បានការកោតសសើរ ចំពោះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ថា ការបង្កើតទើបតែបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែការរីកចម្រើន ខ្លាំងគួរកត់សម្គាល់ ទាំងបច្ចេកទេស និងសមត្ថភាព។

លោក ឈាង សុវណ្ណរតនា បានថ្លែងសសើរ បែបនេះ គ្រាដែលលោក ចូលរួមនៅក្នុងពិធីបិទ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ បញ្ចស៊ីឡាត់ ឆ្នាំ២០២៥ លើកទី១ នាល្ងាចថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥។

លោក ឈាង សុវណ្ណរតនា បានរំលេចទៀតថា នេះជាឆ្នាំដំបូងដែលយើងបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ តែសន្ទស្សន៍នៃការរួមរបស់កីឡាករកីឡាការិនីយើងមានចំនួនច្រើនផុសផុល ពិសេស គឺការចូលរួមពីកីឡាការិនី ទោះបីយ៉ាងពុំទាន់ទទួលបានថវកាគាំទ្រពីក្រសួងអប់រំយ៉ាងណាក្តី។ លោក សង្ឃឹមជឿជាក់ថា ការប្រកួតជើងឯកនៅឆ្នាំក្រោយ ការចូលរួមពីកីឡាករកីឡាការិនីរបស់យើងកាន់តែមានចំនួនច្រើនជាងនេះទៅទៀត។ លោកថា កីឡាករកីឡាការិនី ដែលជាប់ជ័យលាភីនៅក្នុងការកួតជើងឯកថ្នាក់ជាតិនេះ ត្រូវខិតខំដុះខាត់សមត្ថភាពទ្វេដងបន្ថែមទៀត ព្រោះ យើងនិងក្លាយជាបេក្ខភាពជ្រើសរើសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ ។ ទន្ទឹមជាមួយគ្នានេះ លោក អនុប្រធានក៏បាន ក្រើនរំលឹក ដល់ប្អូនក្មួយៗកីឡាករកីឡាការិនី ដែលទទួលបាននូវចំណេះជំនាញកីឡាមួយនេះ សូមខ្លាំងតែលើសង្វៀនបានហើយ មិនត្រូវខ្លាំងក្រៅសង្វៀននោះទេ ព្រោះអ្នកខ្លាំងក្រៅសង្វៀនប្រកួត មកដល់ពេលបច្ចប្បន្ននេះ គឺបានជាប់គុក និងស្លាប់ច្រើនណាស់ ដោយសារអំនួតកាប់ចាក់គ្នា មិនគោរពច្បាប់ប្រទេស។

ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ទទួលបានការចុះឈ្មោះចូលរួមពី២២សាលាគុនមកពី៩រាជធានី-ខេត្ត និងមានអត្តពលិកសរុប ១២៧នាក់ (កីឡាករ ៨៦នាក់ និងកីឡាការិនី៤១នាក់) និងបូកសរុបរួមទាំងប្រតិភូគ្រូបង្វឹក មន្ត្រីគណៈកម្ ការ ក្រុមការងារទទួលបន្ទុកអនុគណៈកម្មការនីមួយ មានចំនួនសរុប ២១២នាក់។ ចំពោះវិញ្ញាសាមានចំនួន ១៥ ក្នុងនោះមានប្រយុទ្ធផ្នែកបុរស ៩វិញ្ញាសា និងប្រយុទ្ធនារី ៦វិញ្ញាសា។

លោក អ៊ួ តារា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានិងអនុប្រធាន ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឱ្យចេញជារូបរាងឡើងជាលើកដំបូង ដើម្បីបោះជំហានមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិកប្រកបដោយទេពកោសល្យ និងផ្សព្វផ្សាយប្រភេទកីឡាបញ្ចស៊ីឡាត់ឱ្យបានសុះសាយនៅប្រទេសកម្ពុជា។

ជាលទ្ធផលបច្ចេកទេស ក្នុងចំណោម ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ទទួលបាន មេដាយមាស ១០គ្រឿង, លេខ២ សាលាគុនតារាជ មេដាយសរុប ៥គ្រឿង (មាស ២ សំរឹទ្ធ៣), លេខ៣ សាលាគុន ឫទ្ធាឥសាន មេដាយសរុប ៤ (មាស១ ប្រាក់២ សំរឹទ្ធ១) លេខ ៤ សាលាគុន ហនុមានមានជ័យ មេដាយសរុប៤គ្រឿង (មាស១ សំរឹទ្ធ២) លេខ៥ សាលាគុន ស៊ីឡាត់ភ្នំពេញ មេដាយមាស១ និងសំរឹទ្ធ១៕