ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនឹងធ្វើការសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការផ្ទាល់ខ្លួន នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំបូល ខេត្តកណ្ដាល ដោយគ្រោងនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៤.៤លានដុល្លារអាមេរិក ដែលជាថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA)។
ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសលោកនាយឧត្តមសេនីយ៍ បានអញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៩ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមជាសក្ខីភាពពីតំណាង FIFA, AFC និង AFF ទៀតផង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា គម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការសហព័ន្ធខាងលើ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរៀបចំតាំងពីឆ្នាំ២០២៤ បន្ថែមលើការថែទាំទីលានតាមសាលាបាល់ទាត់តម្រង់ទិសគ្រប់រាជធានី-ខេត្ត និងការជួសជួលហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្កើនសោភ័ណ្ឌភាព នៅមជ្ឈមណ្ឌលាសាលាបាល់ទាត់ជាតិបាទី។
ឯកឧត្តម បន្ដថា សហព័ន្ធកំពុងត្រៀមរៀបចំសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានទីតាំង នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងទំហំទឹកប្រាក់ ៤លាន ៤សែនដុល្លារអាមេរិក ដែលប្រើប្រាស់កញ្ចប់ថវិកាជំនួយ FIFA និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ កីឡដ្ឋានរបស់យើង គ្រោងនឹងបផ្ទុយទស្សនិកជនចូលទស្សន ១ម៉ឺន ២ពាន់នាក់ តែដំណាក់កាលដំបូង យើងសាងសង់ត្រឹម ៤២០០នាក់សិន។
នេះគឺជាដំណឹងល្អមួយទៀត សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះសមិទ្ធផលថ្មី ពិសេសកីឡដ្ឋានស្ដង់ដារអន្ដរជាតិ ដែលនឹងលេចវត្តមាននាពេលឆាប់ៗ នៅទឹកដីស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីបម្រើឲ្យការអភិវឌ្ឍ និងការប្រកួត ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិនានា៕