រថយន្តដឹកឥដ្ឋ អ្នកបើកបរងោកមួយភាំង រេចង្កូតឡើងសួនច្បារ បុករះបាក់កូនឈើ ប៉ាណូ និង បង្គោលភ្លើងគោម រាបដល់ដី

National • March 28, 2025
 រថយន្តដឹកឥដ្ឋ អ្នកបើកបរងោកមួយភាំង រេចង្កូតឡើងសួនច្បារ បុករះបាក់កូនឈើ ប៉ាណូ និង បង្គោលភ្លើងគោម រាបដល់ដី

ភ្នំពេញ៖ 

រថយន្តដឹកឥដ្ឋមួយគ្រឿង អ្នកបើកបរ ងោកមួយភាំងបានរេចង្កូតឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ,ប៉ាណូផ្សាយពាណិជ្ចកម្ម និងបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់រាបដល់ដី។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥នៅតាមមហាវិថីឈ្នះឈ្នៈ នៅមុខវត្តអង្គប្រពើក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តដែលកើតមានគ្រោះថ្នាក់នោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣G.៥១៤៧ បើកបរដោយឈ្មោះហាក់គឹមហួរ ភេទប្រុស អាយុ២៤ ឆ្នាំស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

ទាក់ទិននិងការកើតមានគ្រោះថ្នាក់នេះ អ្នកបើកបរបានឲ្យដឹងថា ដោយសារគាត់ងងុយដេកងោកមួយភាំង ក៏រ៉េចង្កូតឡើងសួនច្បារ។ នៅមុនពេលកើតហេតុ គាត់បានរៀបចំនួន១ម៉ឺនដុំ ដឹកពីព្រៃកអញ្ចាញ យកទៅដាក់ឲ្យមួយនៅរាជធានីភ្នំពេញ ហើយនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានជួបគ្រោះថ្នាក់តែម្ដង។ 

បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងទៅនគរបាលចរាចរណ៍ចុះមកវាស់វែង រួចនាំយករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕