សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចបែងចែងផលលាភអំពីការលក់សំបុត្រចូលទស្សនាការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាជា៤ចំណែក បន្ទាប់ពីសល់ពីការទូទាត់លើការចំណាយសម្រាប់ការរៀបចំប្រកួត និងបង់ពន្ធរួចរាល់។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទម្លាយឲ្យដឹងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ថា ៖«ចំណូលបានពីការលក់សំបុត្រ បន្ទាប់ពីដកពីការចំណាយលើប្រតិបត្តិការ សល់ប៉ុន្មានយកទៅចែកជា៤ចំណែក។ ខ្ញុំសូមបញ្ជាក់កកន្លងនេះបន្តិច ការប្រកួតជាលក្ខណៈអន្តរជាតិ ទាំងការប្រកួតពានរង្វាន់ផ្លូវការ និងការប្រកួតមិត្តភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្នែកបច្ចេកទេស ក៏ដូចជាគណៈកម្មការប្រតិបត្តិ បានសម្រេចផលលាភអំពីចំណូលទទួលបានពីការលក់សំបុត្រ។ គោលដៅរបស់យើងគឺចង់ចែកផលលាភដល់កីឡាករ ដល់ក្លិប ពីព្រោះអ្នកទាំងអស់គ្នាជាអ្នករួមគ្នាចំណាយកម្លាំងពលកម្ម ដូច្នេះយើងត្រូវតែទទួលបានផលទាំងអស់គ្នាទើបហៅថា សមធម៌»។
តាមការបញ្ជាក់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្រោយចំណាយលើការរៀបចំប្រកួត និងបង់ពន្ធរួចរាល់ សល់ប្រាក់ប៉ុន្មានគឺបែងចែកជា៤ផ្នែក៖
1. ចំនួន ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កកម្ពុជា។
2. ចំនួន ២៥% បានទៅក្លិបដែលមានកីឡាករលេងឲ្យជម្រើសជាតិ ដោយផ្អែកលើចំនួនកីឡាករដែលបានជាប់ជម្រើសជាតិ។ ក្លិបដែលមានកីឡាករជាប់ជម្រើសជាតិច្រើន ទទួលបានច្រើន ហើយកីឡាករជាប់ជម្រើសជាតិតិចគឺគិតភាគទៅតាមចំនួនកីឡាករដែរ។
3. ចំនួន ២៥% បានទៅក្រុមជម្រើសជាតិគឺកីឡាករ និងក្រុមការងារគ្រូបង្វឹក។
4. ចំនួន ២៥% សម្រាប់មូលនិធិសុខភាលភាពកីឡាករ។ មូលនិធិនេះគឺទុកសម្រាប់ព្យាបាលកីឡាករដែលមានបញ្ហាសុខភាព របួស។