កណ្តាល៖
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបត់ឆ្លងផ្លូវ ត្រូវអ្នកជិះម៉ូតូលើផ្លូវធំបុកពេញទំហឹង បណ្តាលអោយរងរបួសអ្នកជិះម៉ូតូ ធ្ងន់ស្រាលចំនួនពីរនាក់ ឯម្ចាស់រថយន្តបានរត់គេចខ្លួន មុនសមត្ថកិច្ចទៅដល់។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៧និង៣៥នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21 ខាងមុខកែងការ៉ាស់សាំងកាល់តិចកែងផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រែកសំរោង (៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចជំនាញចរាចរជើងគោកនៃអធិការដ្ធាននគរបាល ក្រុងតាខ្មៅ បានប្រាប់អោយដឹងថាតាមកាមេរ៉ាសុវត្ថិភាព គឺនៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FORD PICKUP ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3198 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេង ទៅកើត ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1I-0321 អ្នកបើកបរមានឈ្មោះ ឡាង សុធា ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិវាំងខាងជើង ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ហៀត ហ័ន ភេទប្រុស អាយុ ២០ឆ្នាំ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិថ្មី ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរមានទិសដៅពីត្បូងទៅជើង ។
ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយ រងរបួសស្រាល ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មូលហេតុខាងលើ គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ចំនែកអ្នកបើកបរម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដែរ និងមិនបានពិនិត្យមើលស្ថានភាពផ្លូវនៅខាងមុខ អោយបានច្បាស់លាស់ ៕