ភ្នំពេញ ៖ 

បុរសជាសន្តិសុខយាមធនាគារABAម្នាក់ បានរងរបួសធ្ងន់ធ្ងរដាច់ម្រាមចង្អុលដៃអស់១ និងសន្លប់ស្ដូកស្ដឹង ខណៈខ្ចីម៉ូតូ១គ្រឿងពីបុរសជាជាងសោម្នាក់ទៀតជិះទៅរកទិញ ម្ហូប ហើយជិះលឿនពេកក៏ជ្រុលទៅបុកពីក្រោយម៉ូតូបី១គ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសនោះឈ្មោះឃាន់ ឡុង អាយុ២៨ឆ្នាំ មុខរបរសន្តិសុខយាមនៅធនាគារABAកំបូល និងស្នាក់នៅក្នុងទីតាំងធនាគារនោះ ហើយនៅមុនពេលកើតហេតុបុរសនេះបានខ្ចីម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង1B-5257 ពីជាងសោម្នាក់ជិះទៅរកទិញម្ហូប ។ ដោយជិះធ្វើដំណើរក្នុងល្បឿនលឿនពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយម៉ូតូកង់បី១គ្រឿងដែលកំពុងបើកឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងចេញពីផ្សារសែនមនោរម្យ ។ 

សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ បានបណ្ដាលឲ្យជនរងរបួសដាច់ម្រាមចង្អុលដៃឆ្វេងអស់១ និងដួលបោកផ្ទប់ថ្នល់ពេញទំហឹងសន្លប់ស្ដូកស្ដឹង ចំណែកម៉ូតូកង់បីបើករត់បាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះរូបនោះត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ ហើយនគរបាលប៉ុស្តិ៍កន្ទោកបានប្រគល់ម៉ូតូទៅឲ្យម្ចាស់ដើមវិញ ៕