ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា វគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា ដែលរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមន្រ្តីដឹកនាំនិងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានា។ព្រោះបច្ចកវិទ្យាការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា បានផ្តល់ជូននូវព័ត៌មានសុក្រិត និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។

រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែង គូសបញ្ជាក់បែបនេះ ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់ស្រង់ទិន្នន័យ និងស្ថិតិកីឡា នាព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ក្នុងពហុកីឡដ្ឋានជាតិ។

 ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ជារួម ការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយចំពោះសារៈសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់សេវាកម្ម។ នៅពេលដែលបច្ចេកវិទ្យាបន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយនៃបុគ្គលដែលប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នឹងកើនឡើង ដែលធ្វើឱ្យការផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មពិភពលោកបន្ថែមទៀត។ ការយល់ដឹងអំពីនិន្នាការទាំងនេះគឺចាំបាច់សម្រាប់អ្នកពាក់ព័ន្ធដែលមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡាពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា។

 បច្ចុប្បន្ន ក្រោមម្លប់សន្ដិភាព និងស្ថិរភាពនយោបាយតាមរយៈការអនុវត្តន៍ដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ដជំរុញកំណើន និងវឌ្ឍនភាពសង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ  បានធ្វើឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។ តួយ៉ាងតាមរយៈការបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួត និងទទួលបានមេដាយជាច្រើនពីគ្រប់ព្រឹត្តិការណ៍ អន្ដរជាតិ ទាំងជើងឯកពិភពលោក ជើងឯកទ្វីប ជើងឯកតំបន់ នឹងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កន្លងទៅ លទ្ធផលខាងលើនេះបានរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្ដរជាតិ។ ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានកីឡា ដែលជាប្រតិបត្តិករ នៃវិស័យកីឡា គឺពិតជាមានភាពទទួលខុសត្រូវខ្ពស់ និងត្រូវស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសជំរុញឱ្យមន្រ្តី អនុវត្តការងារ    ពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យាប្រតិបត្តិការការងារ នាសម័យឌីជីថលដល់បុគ្គលិកអប់រំគ្រប់រូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ដែលបានមើលឃើញពីគុណតម្លៃ នៃការប្រើបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ និងបានរៀបចំឱ្យមានវគ្គនេះ  ដើម្បីដុសខាត់ចំណេះជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា បន្ថែមទៀតសម្រាប់មន្រ្តីតាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា។ ក្នុងនោះផងដែរសូមមន្រ្តីជាសិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ និងកត់ត្រានូវចំណុចល្អៗដែលគ្រូឧទ្ទេសបានពន្យល់ និងណែនាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ខ្លួនឯងផង និងដើម្បីបង្កើនប្រសិទ្ធភាព គុណផលការងារតាមអង្គភាពរបស់ខ្លួន ស្របតាមការវិវឌ្ឍន៍នាយុគសម័យឌីជីថល។

 សូមបញ្ជាក់ថា  វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ហើយមានសិក្ខាកាមចូលរួមមានចំនួន៦០នាក់ (ស្រី០៩នាក់) មានគោលបំណងដើម្បីស្វែងយល់ពីដ្ឋានគ្រឹះការបង្កើតឧបករណ៍ក្នុងការកំណត់ប្រភេទនៃការចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរសម្រាប់ការចុះស្រង់ស្ថិតិ ក្នុងបរិបទការធ្វើការងារដោយប្រើបច្ចេកវិទ្យាទំនើប ជាពិសេសទំនាក់ទំនង និងការគ្រប់គ្រងការងារ៕