តារាចម្រៀងវ័យក្មេង កែវ ទិត្យផល្លី ក្រោយពេលសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈ តាមរយៈការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទីពីរ កាលពីឆ្នាំ ២០១៨ រួចមក នាងក៏មិនបានទៅណាឆ្ងាយពីវិស័យសិល្បៈនោះដែរ បើទោះបីជាការប្រលងនាពេលនោះក្មេងស្រីរូបនេះមិនទទួលបានជ័យលាភីលេខមួយក៏ដោយ។ ជាការពិតណាស់ ក្រោយពេលបញ្ចប់ការប្រលងចម្រៀងខាងលើភ្លាម ផល្លី តែងតែបញ្ចេញបទចម្រៀងជាហូរហែ តាមរយៈការ Cover បទចម្រៀងរបស់តារាចម្រៀងរៀមច្បងល្បីៗមួយចំនួន និងបទចម្រៀងផ្ទាល់ខ្លួនជាដើម រហូតមានការទទួលស្គាល់ពីសំណាក់មហាជនទៅលើទឹកដមសំនៀងដ៏មុតស្រួចរបស់តារាចម្រៀងវ័យក្មេងរូបនេះ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ផល្លី មិនសូវបានចេញបទចម្រៀងថ្មីចែកជូនបងប្អូនប្រិយមិត្តអ្នកស្តាប់នោះទេ មូលហេតុ ដោយសារតែបច្ចុប្បន្ននាងបាននឹងកំពុងយកចិត្តទុកដាក់ទៅលើការសិក្សា ទើបមានការរយាលពីវិស័យសិល្បៈបែបនេះ។ ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់ កែវ ទិត្យផល្លី បានចែករំលែកបទពិសោធន៍ដែលបានដើរនៅលើវិថីសិល្បៈនាពេលកន្លងមកថា បច្ចុប្បន្នគ្មានសល់អ្វីទេក្រៅពីចំណុចទាំងពីរនេះ ទី១ គឺសល់កិត្តិយសមហាជនស្គាល់ ទី២ គឺសល់ខោអាវនិងស្បែកជើង។ ក្រៅពីសល់ចំណុចទាំងពីរនៅខាងលើនេះហើយ ផល្លី បានឱ្យដឹងទៀតថា នាងក៏មិនបានភ្លេចអ្នកគាំទ្ររបស់ខ្លួនដែរ ដែលបានធ្វើឱ្យមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃនេះ ហើយអ្វីដែលនាងអាចតបស្នងទៅកាន់អ្នកគាំទ្ររបស់ខ្លួនបាននោះគឺ ការចែករំលែកក្តីស្រឡាញ់តាមរយៈការចែកជាខោអាវ និងស្បែកជើងរបស់ខ្លួនជាដើម។
ដ្បិតថា នេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចសម្រាប់ជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្តី ប៉ុន្តែផល្លីគឺធ្វើចេញពីចិត្ត ហើយការចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួននេះទៀតសោត ផល្លីក៏មិនមែនទើបតែធ្វើជាលើកទីមួយនោះដែរ៕