ម៉ន សុវណ្ណរត្តនា ត្រូវបានគេដឹងថា ជាអតីតបេក្ខនារីចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ ដោយបានតំណាងឱ្យខេត្តតាកែវ ដែលជាខេត្តកំណើតរបស់ខ្លួន។ ដ្បិតថា ទើបតែបង្ហាញខ្លួននៅលើវេទិកាប្រកួតសម្រស់ជាលើកដំបូងក៏ពិតមែន ប៉ុន្តែក្មេងស្រីម្នាក់អាចទទួលបានលទ្ធផលល្អត្រលប់មកវិញដ៏មិនគួរនឹកស្មាន ពោលគឺទទួលបានតំណែងលំដាប់រងទី ៥។ ដោយឡែក មួយរយៈចុងក្រោយនេះ រត្តនា ហាក់មានការស្ងប់ស្ងាត់ពីវិស័យសិល្បៈ បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា នាងត្រូវបានគេចាត់តាំងឱ្យទៅប្រកួតជំនួសកញ្ញា ប៊ី សុធារី នៅក្នុងកម្មវិធី Miss Grand International ឆ្នាំ ២០២៤ ដែលកាលនោះ កម្មវិធីប្រកួតសម្រស់អន្តរជាតិខាងលើបានធ្វើឱ្យមានភាពវឹកវរពេញប្រទេសកម្ពុជា។ បវរកញ្ញាដែលមកពីខេត្តតាកែវរូបនេះបានឱ្យដឹងថា នាងពិតបានបាត់មុខពីវិស័យមួយនេះពិតមែន ដោយសារតែការប៉ះទង្គិចផ្លូវចិត្ត ពីការចោទប្រកាន់ដោយគ្មានភ័ស្ដុតាងច្បាស់លាស់ពីមហាជនមួយចំនួន។ ចំណែកឯរឿងប្រាក់ ៥ ០០០ ដុល្លារដែលជាថ្នូរដើម្បីទៅប្រកួតជំនួស ប៊ី សុធារី គឺជារឿងប្រតិដ្ឋទាំងអស់។ រត្តនាបានបន្តថា ក្រោយពេលរងនូវព្យុះភ្លៀវយ៉ាងច្រើនពីវិស័យប្រកួតសម្រស់មួយនេះ នាងក៏បានងាកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនតូចមួយ និងបានសង្ងំព្យាបាលផ្លូវចិត្តឱ្យរឹងមាំផងដែរ។ 

យ៉ាងណាមិញ ស្រីស្អាត ម៉ន សុវណ្ណរត្តនា ក៏បានអរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលតែងតែនៅក្បែរ និងលើកទឹកចិត្តជានិច្ច មិនថានៅក្នុងកាលៈទេសៈណានោះទេ។ ជាមួយគ្នានេះ រត្តនា បានសន្យាថាទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងអាចនឹងត្រលប់មកប្រកួតនៅក្នុងវិស័យប្រកួតសម្រស់ម្តងទៀតនៅក្នុងឆ្នាំក្រោយ ដោយកម្មវិធីដែលប៉ងចង់ចូលរួមប្រកួតនោះគឺ កម្មវិធី Miss Universe Cambodia និង Miss Cosmo Cambodia។ ក្នុងនោះបវរកញ្ញារូបនេះបានបញ្ជាក់ច្បាស់ៗថា បើសិនជាមកពិតមែន គឺមិនមែនមកលំៗនោះទេ គឺមកដោយមានឆន្ទៈពិតប្រាកដ៕