កណ្តាល ៖
ទាំងថ្នាក់ដឹកនាំខេត្ត ក្រុង សង្កាត់ និងមហាជនមានការសាទរដល់កងកម្លាំង សមត្ថកិច្ចដែលតាមឃ្លាំមើល តាមដាន រហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យ ដែល តែងតែជិះម៉ូតូធ្វើសកម្មភាព លួចដែកប៉ាណូស្លាកសញ្ញាបញ្ចាទិសចរាចរ នៅលើមហាវិថី ស៊ីជីងពីន ដែលជាសម្បត្តិសាធារណៈរបស់រដ្ធ កាលពីវេលាអាធ្រាតម៉ោង២៣ និង៣០នាទី ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ នៅចំណុច នៅផ្លូវមហាវិថីស៊ីជីងពីន ស្ថិតក្នុងភូមិលេខ(៣) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ ទ្រី ឈុយអេង ភេទប្រុស អាយុ២៤ឆ្នាំ វិជ្ជមានសារធាតុញៀន(+) គ្មានមុខរបរ ពិតប្រាកដ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាកSuzuki smash ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-9958 សម្រាប់ជិះធ្វើសកម្មភាព ។
ក្រោយការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះស្មី ពិតជាបាននាំគ្នាលួចដែកប៉ាណូស្លាកសញ្ញាបញ្ជាទិសចរាចរតាមផ្លូវមហាវិថីស៊ីជីងពីន កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ប្រាកដមែន តែស្លាកនោះ ត្រូវឈ្មោះ ស្មីយកទៅបាត់ហើយ។ លុះមកដល់ថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ ខ្លួនក៏បានប៉ុនប៉ងលួចម្តងទៀត តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យបានកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាតការតាមនិតិវិធី៕