ដូចដែលមហាជនបានដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុន ក្រោយពេលកម្មវិធីប្រកួត Miss Cosmo Cambodia 2025 បានបង្ហាញបេក្ខនារីផ្លូវការទាំង ២៥ រូប ដែលក្នុងនោះក៏មានកញ្ញា ប៊ី សុធារី បានដាក់ពាក្យប្រកួតផងដែរ ស្រាប់តែអ្នកស្រី អ៊ឹម សុគន្ធា ដែលជាអតីតអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ចាស់ បានបង្ហោះសារមួយដ៏គួរឱ្យភ្ញាក់មួយនៅលើបណ្តាញសង្គមដោយមិនសំដៅចំឈ្មោះថាជាបវរកញ្ញាណានោះទេ ដោយក្នុងសារនោះបាននិយាយថា ហ៊ានដាក់ពាក្យចូលរួមប្រកួតទាំងរំលងអ្នកស្រីអ៊ឹម សុគន្ធា។ យ៉ាងណាមិញយោងតាមរយៈការផ្តល់បទសំភាសន៍នៅក្នុងថ្ងៃបំពាក់ឆៀង កញ្ញា ប៊ី សុធារី បានឱ្យដឹងថា ជុំវិញបញ្ហាដែលបានកើតឡើងរវាងខ្លួននិងក្រុមហ៊ុនចាស់គ្រាន់តែជាការយល់ច្រលំគ្នាតែប៉ុណ្ណោះ។ កញ្ញាក៏បានស្នើសុំមហាជនកុំឱ្យមានការវាយប្រហារទៅលើក្រុមហ៊ុនចាស់របស់ខ្លួន ដោយឱ្យសម្លឹងមើលទៅលើចំណុចល្អដែលក្រុមហ៊ុនចាស់បានសាងនាពេលកន្លងមកជាដើម។ ដោយឡែកការដាក់ពាក្យមកប្រកួតនៅក្នុងកម្មវិធីនេះ សុធារី ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា កញ្ញាបានដោះស្រាយបញ្ហារួចរាល់ហើយដែរ មុននឹងសម្រេចចិត្តដាក់ពាក្យប្រកួត។

គួរឱ្យដឹងថា ការមកប្រកួតនៅលើកនេះ គឺជាឆាកប្រកួតចុងក្រោយរបស់កញ្ញា ប៊ី សុធារី។ បន្ថែមពីនេះកញ្ញាថា ការមកប្រកួតនេះគឺដើម្បីបញ្ចប់ក្តីស្រមៃរបស់ខ្លួនឯងដែលបានសន្យាកាលពីឆ្នាំមុន និងដើម្បីបំពេញក្តីស្រមៃរបស់អ្នកគាំទ្ររបស់ខ្លួន ដែលទទូចចង់ឱ្យមកប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 នេះផងដែរ៕