ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា​-​ថៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដើម្បី​អបអរសាទរ​ខួបអនុស្សាវរីយ៍លើក​៧​៥ឆ្នាំ ​នៃ​ការបង្កើត​ទំនាកទំនង​ការទូត​កម្ពុជា​-​ថៃ​។ ព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

រូបភាព ៖ សាលារាជធានីភ្នំពេញ
  
 បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ មីនា រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងក្រសួងពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក  ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក៧៥ ឆ្នាំ នៃការបង្កើតទំនាកទំនងការទូតកម្ពុជា-ថៃ។ កម្មវិធីនេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម​ ប្រាក់ សុខុន តំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ 

     ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរ នឹងរៀបចំពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាព ជាពិសេសសម្រួលចរាចរណ៍ជាបណ្ដោះអាស្នននៅជុំវិញតំបន់ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង១ថ្ងៃត្រង់ រហូតដល់ចប់កម្មវិធី ដើម្បីធានាឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែទូលំទូលាយ និងអនុវត្តប្រកបដោយប្រសិទ្ធិភាព៕

រូបភាព៖ សាលារាជធានី

     យ៉ាងណាមិញ សម្រាប់លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃក៏បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន៥០នាក់។

      លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបន្តថា គោលបំណងរបស់យើងគឺចង់ឱ្យប្រទេសយើងទាំងពីរ មានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាពនៃប្រទេសទាំង២។