កាលពីថ្ងៃអង្គារ ទី4 ខែមីនា លោកស្រីប្រធានាធិបតីប្រទេសម៉ិកស៊ិកូ ក្លដៀរ សេនប៊ម (Claudia Sheinbaum) បានប្រកាសថ្កោលទោសការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកថា ជារឿង "មិនសមហេតុផល" និងបានប្រកាសសងសឹកពន្ធលើសហរដ្ឋអាមេរិកវិញ។ លោកស្រី សេនប៊ម ដែលបានអំពាវនាវឲ្យមាន "ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់" នៅចំពោះមុខការអនុវត្តពន្ធគយនោះ បានបញ្ជាក់សារជាថ្មីថា ប្រទេសម៉ិកស៊ិកូនឹងមិនអាចទទួលយកការដាក់សម្ពាធពីបរទេសឡើយ។ លោកស្រី ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការរំលោភលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិកូ-កាណាដា និងបានច្រានចោលការអះអាងរបស់សេតវិមានអាមេរិក ដែលភ្ជាប់រដ្ឋាភិបាលរបស់លោកស្រី ទៅនឹងអំពើឧក្រិដ្ឋកម្ម។ គួរបញ្ជាក់ផងដែរថា ពន្ធ 25 ភាគរយរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមាននោះ បានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសម៉ិកស៊ិកូ ស្របពេលដែលការនាំចេញរបស់ប្រទេសម៉ិកស៊ិកូ ទៅកាន់សហរដ្ឋអាមេរិកមានប្រមាណដល់ទៅ 80 ភាគរយ ។