កងទ័ពជើងទឹកប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នានៅក្បែរកំពង់ផែ ឆាបាហា របស់ប្រទេសអ៊ីរ៉ង់។ សមយុទ្ធនេះ មានឈ្មោះ ស៊ីខ្យូរីធី ប៊ែល 2025(Security Belt 2025) ឬខ្សែក្រវ៉ាត់សន្តិសុខ ឆ្នាំ 2025 ដែលរួមបញ្ចូលការធ្វើសមយុទ្ធលើដែនសមុទ្រ ការគ្រប់គ្រងការខូចខាត ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរួមគ្នា។ សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកយោធា និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមកងកម្លាំងជើងទឹកនៃប្រទេសដែលចូលរួម។ កងនាវារបស់ប្រទេសចិន បានបញ្ជូននាវាពិឃាត និងនាវាផ្គត់ផ្គង់ ខណៈភាគីអ៊ីរ៉ង់បានបញ្ជូននាវាប្រមាណ 10 ប្រភេទផ្សេងៗគ្នា រួមទាំងនាវាពិឃាត 2 គ្រឿង ហើយកងនាវាប្រទេសរុស្ស៊ីក៏បានបញ្ជូននាវាចម្បាំង 2 គ្រឿងផង។ រីឯកងនាវារបស់ប្រទេសអាហ្រ្វិកខាងត្បូង អូម៉ង់ និងប៉ាគីស្ថាន ក៏បានចូលរួមជាអ្នកសង្កេតការណ៍។