មន្ទីអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានជ្រើសរើសបានធនធានកីឡាករ កីឡាការិនីឆ្នើមៗពីការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯកខេត្តកណ្តាល បន្ទាប់ពីដំណើរការរយៈពេល៧ថ្ងៃ និងបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ជាមួយនឹងការរកបានកីឡាករ កីឡាការិនីឆ្នើមៗនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលនឹងត្រៀមបញ្ជូនចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤-២០២៥នេះ គឺប្រភេទកីឡាដែលដាក់ឱ្យប្រកួតប្រជែងចំនួន៥រួមមាន កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាអត្តពលកម្ម និងកីឡាប៊ូល-ប៉េតង់។ សរុបក្រុមចូលរួមមានចំនួន៥៥ក្រុម ក្នុងនោះកីឡាការិនី១៨ក្រុម សរុបរួមកីឡាករកីឡាការិនីចូលរួមមាន ៦៧៤នាក់។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលបានគូសបញ្ជាក់ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នាពេលនេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើមៗ និងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នាពេលខាងមុខ។ ឯកឧត្តមបន្ថែមថា វិស័យកីឡារបស់ខេត្តកណ្តាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋបាលក្រុងស្រុក និងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ក្នុងខេត្តទាំងអស់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ឯកឧត្តមលើកឡើងទៀតថា វិស័យកីឡា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡា នានា ដោយបានរៀបចំផែនការប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំកាយ និងកីឡា ក្រោមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត «ស្តង់ដាសាលារៀនគំរូ» ផងដែរ។
ឯកឧត្តមអភិបាលរងបានរំលេចថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតរបស់យើងវិញ ឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះក្រុមដែល មិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្តើយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ ឯក្រុមដែលទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ច របស់ខ្លួនគឺត្រូវធ្វើជាតំណាងឱ្យក្រុមកីឡាខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួតកីឡាសិស្សមធ្យម សិក្សាថ្នាក់ជាតិ នាខែមិថុនាខាងមុខនេះ។ ដូច្នេះក្មួយៗកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជម្នះជូនខេត្តរបស់យើង៕