រាជធានីភ្នំពេញ៖
ចោរប្លន់ម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះ ឡាយ ធួន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិខាងលើ ។
នគរបាល បានប្រាប់ឲ្យដឹងជាជំហានដំបូងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨០៣ «ត»ដ.ច.ន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ។
ក្រោយពេលឃាត់ខ្លួន នគរបាល បានបញ្ជូនជនសង្ស័យរូបនោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕