ភ្នំពេញ ៖ 

ជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចលុយដែលជាការផ្ទេរច្រឡំរបស់ធនាគារឯកជនមួយ ក្នុងទំហំទឹកប្រាក់លានដុល្លារ។ 

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងវេលាម៉ោង១២៖១០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯ.ឧ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាន នាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ការឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ ពាក់ព័ន្ធករណីលួចប្រើប្រាស់លុយ ដែលជាការផ្ទេរច្រឡំ របស់ធនាគារឯកជនមួយ ក្នុងទំហំទឹកប្រាក់លានដុល្លារ នៅចំណុចសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យឃាត់ខ្លួន ទី១.ឈ្មោះ យន់ សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះ យន់ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួលលេខ០៩ ភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៣ ឈ្មោះ ជិន ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិអន្លង់អក ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។ 

គួរបញ្ជាក់ផងដែរថាកាលពីវេលាម៉ោង១៥និង១៤នាទី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីតំណាងធនាគារមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន មានបញ្ហាបច្ចេកទេស ធ្វើឲ្យមានប្រតិបត្តិការវេរប្រាក់ដោយ ភ័ន្តច្រលំទៅកាន់គណនីឈ្មោះ កន ចិត្រា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយមក ឈ្មោះ កន ចិត្រា បានបន្តផ្ទេរប្រាក់ចេញទៅ គណនីផ្សេងៗជាច្រើនទៀត ។ 

បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ ខ្លួនជនសង្ស័យបានចំនួន២នាក់ ១៖ឈ្មោះ កន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និង២៖ឈ្មោះ យន់ ភាព ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា ហេតុការណ៍នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន មនុស្ស ៣នាក់ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស២នាក់។

សរុបទាំងអស់៥នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សាងសំណុំរឿងដើម្បី ចាត់ការបន្តតាមនីតិវិធី៕