កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ វីដេអូចម្រៀង អេស៊ាន ស្តេតថ៍ អ៊ហ្វ ម៉ាញ (ASIAN STATE OF MIND) ដែលមានការច្រៀងរួមគ្នាពីតារាចម្រៀងមកពី ៥ ប្រទេសផ្សេងគ្នានៅអាស៊ី ដូចជា អេវ៉ិច (Awich) តារាចម្រៀងរ៉េបជប៉ុន, ជេ ផាក (Jay Park) តារាចម្រៀងរ៉េបកូរ៉េ, គ្រិស្នា (KR$NA) តារាចម្រៀងរ៉េបឥណ្ឌា, ម៉ាស៊ីវេយ៍ (Masiwei) តារាចម្រៀងរ៉េបចិន និង វណ្ណដា តារាចម្រៀងរ៉េបកម្ពុជា បានចេញជាផ្លូវការហើយ។ នៅក្នុង MV មួយបទនេះ តារាចម្រៀងរ៉េបទាំងនោះបានបញ្ចេញនូវស្ទីលរ៉េបរៀងៗខ្លួន។ ជាមួយគ្នានេះ Vannda ដែលជាតារាចម្រៀងរ៉េបកម្ពុជា ក៏មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងនោះដែរ ដោយនៅក្នុងបទចម្រៀងនោះផ្ទាល់លោកបានបង្ហើរសំនៀងរ៉េបជាភាសាខ្មែរ គួបផ្សំនឹងសម្លេងតន្ត្រីខ្មែរ ដែលជាការបន្លឺឡើងមកដោយលោក វណ្ណ ថាន កាន់តែញ៉ាំងឱ្យបទខាងលើមានភាពទាក់ទាញ និងកាន់តែគួរឱ្យចង់ស្តាប់មួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ Vannda ក៏បានរំលេចនូវតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តសៀមរាប នៅក្នុង MV មួយនេះផងដែរ។ 

យ៉ាងណាមិញ បន្ទាប់ពីបានបញ្ចេញវីដេអូដែលបានច្រៀងរួមគ្នាជាមួយតារាចម្រៀងរ៉េបទាំង ៥ នៅអាស៊ី មិនបានប៉ុន្មានផងនោះ ស្រាប់តែនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ តារាចម្រៀងរ៉េបវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ស្រាប់តែបង្ហើបដំណឹងរីករាយម្តងទៀតទៅកាន់អ្នកគាំទ្រ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកនឹងបញ្ចេញអាល់ប៊ុមទី៣ ដែលមានឈ្មោះថា “ត្រីវិស័យ/TREYVISAI”។ នៅក្នុងអាល់ប៊ុមថ្មីនេះ នឹងចែកចេញជា ៣ ផ្នែក ដោយផ្នែកទី ១ មានឈ្មោះថា ត្រីវិស័យមួយ ឌឹ ស៊ើច ហ្វ័រ ឡាយថ៍ (TREYVISAI I: The Search For Light) នឹងបញ្ចេញនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥, ផ្នែកទី ២ មានឈ្មោះថា ត្រីវិស័យពីរនឹងបញ្ចេញនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥, និងផ្នែកទី ៣ មានឈ្មោះថា ត្រីវិស័យបី នឹងបញ្ចេញនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥៕