សៀមរាប៖ 

នៅវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មាន ឧបទ្ទវហេតុដោយគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និង មានបាក់រលំដើមឈើ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ព្រមទាំងខូចខាតសម្ភារៈទៀតផង ។  

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុក បានឲ្យដឹងថា  នៅវេលាដូចបានបញ្ជាក់ខាងលើ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឲ្យប្តីប្រពន្ធពីរនាក់ ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ។ 

នៅក្នុងហេតុការណ៍នេះដែរ នៅក្រុងសៀមរាប ក៏មានរងខ្យល់កន្ទ្រាក់ ដោយមានបាក់ រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង ដងស្ទឹង ព្រមទាំងធ្វើឲ្យខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) និង នៅតំបន់រមណីយ ដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើ កាត់ផ្លូវ និង សង្កត់រោងលក់ដូរផងដែរ ។ 

នៅភូមិសាស្ត្រសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិភ្លៀងនិងខ្យល់

កន្ទ្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន៤៤ករណី មាន៖ របើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និង បាក់រលំដើមឈើ ព្រមទាំងងាប់គោ ១ក្បាល ផងដែរ ។

ចំពោះហេតុការណ៍ខ្យល់កន្ទ្រាក់នេះដែរ នៅវេលាម៉ោង ១៦ និង៣០នាទី នាថ្ងៃដដែល នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ លំនៅដ្ឋាន១ខ្នង ស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ទ្រាក់បំផ្លាញទាំងស្រុង ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង ។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ១៧.០០នាទី នៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប មានចំនួន៧ឃុំ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង បានបាក់រលំដល់ដី របើកដំបូល និងសំយ៉ាប ចំនួន២២១ ដោយខ្យល់កន្ទ្រាក់ បណ្តាលឲ្យខូចខាតទាំងស្រុង និង ខូចម៉ូតូ ១គ្រឿង និង របួសស្រាលមនុស្សពីរនាក់ផងដែរ៕