ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានបានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់ក្រុមកីឡាបាល់ទាត់យុវជនក្រសួងព័ត៌មាន សម្រាប់ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន រដូវកាលទី១០ ឆ្នាំ២០២៥ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដែលជាប្រកួតបើកឆាករបស់ខ្លួន នៅក្នុងវគ្គសន្សំពិន្ទុពូល F។
ការគូសបញ្ជាក់របស់ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅក្នុងឱកាសប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់អាស៊ាន នៅទីលានវិទ្យាល័យ ជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ។
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានលើកឡើងថា នៅក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ គឺក្រុមយុវជនក្រសួងព័ត៌មានបានចូលរួមប្រកួតប្រជែង នៅក្នុងពូល F ដែលមាន៥ក្រុម។ ក្រុមក្រសួងព័ត៌មាននឹងត្រូវប្រកួតទី១ នាល្ងាចថ្ងៃទី០៦ ខែមីនាជាមួយក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីលានវិទ្យាល័យ បឹងត្របែក។ តាមរយៈការប្រកួតមិត្តភាពជាមួយក្រុមអាស៊ាននេះ ជាការប្រកួតកម្តៅសាច់ដុំ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតផ្លូវការ នៅក្នុងពូល F។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រកួតនេះមិនមែនយកការចាញ់ឈ្នះជារឿងសំខាន់បំផុតនោះទេ ប៉ុន្តែការចូលរួមប្រកួត ដើម្បីស្មារតីមិត្តភាព សាមគ្គីភាព និងសុខភាពល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា គឺជារឿងសំខាន់បំផុត ក្នុងស្មារតីនៃព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ ក៏ដូចជាស្មារតីរបស់ក្រុមនានា។ «ការប្រកួតចាញ់ឈ្នះមិនមែនជារឿងសំខាន់បំផុតនោះទេ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ គឺការចូលរួម ដោយបាល់ទាត់នេះ គឺជាប្រភេទកីឡាមួយដែលកំពុងពេញនិយម។ រឿងសំខាន់បំផុត កីឡានាំឱ្យយើងមានសុខភាពល្អ មិត្តភាព និងសាមគ្គីភាព ហើយគោលបំណងសំខាន់ នៅក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ននេះ គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចង់ផ្សាភ្ជាប់រវាងយុវជន និងយុវជន ព្រមទាំងចង់ឱ្យយើងបានស្គាល់គ្នានៅតាមក្រសួងស្ថាប័ន»។
ជាមួយគ្នានេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានបន្ថែមថា ព្រឹត្តិការណ៍នេះ គឺក្រសួងព័ត៌មានបានចូលរួមប្រកួតតាំងពីរដូវកាលទី១មកម្ល៉េះ ដោយមានត្រឹមតែ៩ក្រុមប៉ុណ្ណោះកាលពីឆ្នាំ២០១៣កន្លងទៅ ហើយនៅរដូវកាល ២០២៥នេះក្រុមចូលរួមបានកើនឡើងដល់ ៣៥ក្រុ។ ការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ននេះមានការចែងអំពីលក្ខខណ្ឌច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យកីឡាករអាជីពចូលរួមប្រកួតបានទេ ដែលកីឡាករទាំងអស់សុទ្ធសឹងតែជាមន្ត្រីរាជការ (ក្របខណ្ឌ) ដោយមិនសំដៅឱ្យការចាញ់ឈ្នះជារឿងសំខាន់នោះទេ ពោលគឺចង់ឱ្យកីឡាករជាមន្ត្រីរាជការបានចូលរួមលេងកីឡា ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនការរិតចំណងមិត្តភាព សាមគ្គីភាពជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា ជាការពិតណាស់ ការចូលរួមប្រកួតរបស់ក្រុមយុវជនក្រសួងព័ត៌មាន ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នេះ គឺទទួលបានការលើកទឹកចិត្តខ្ពស់ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលកីឡានាំមកនូវសុខភាព ហើយបណ្តុះស្មារតីដល់យុវជនឱ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយអំពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗផងដែរ។ ជាមួយគ្នានេះ ការបំផុសស្មារតីឱ្យយុវជនលេងកីឡានេះ គឺស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល គឺប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន ឆ្នាំ២០២៥នេះមានកំណើនក្រុមចូលរួមសរុប ៣៥ក្រុមដោយចែកចេញជា៨ពូល ដែលប្រកួតពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់៥ក្រុមក្នុងពូល F រួមមាន៖ ក្រុមក្រសួងព័ត៌មាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងយុត្តិធម៌, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមក្រសួងមុខងារសាធារណៈ៕