យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារទី 4 ខែមីនានេះថា លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការបង្កើន "ការបង្កហេតុ" ដែលជំរុញឲ្យកូរ៉េខាងជើងបង្កើនកងកម្លាំងការពារនុយក្លេអ៊ែរ។ លោកស្រី គីម បានរិះគន់វត្តមានរបស់នាវាផ្ទុកយន្តហោះអាមេរិក យូអេសអេស ខាល វីនសាន់ (USS Carl Vinson) នៅកំពង់ផែក្រុងប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូង ដោយនិយាយថាសកម្មភាពនេះគឺជាផ្នែកមួយនៃ "គោលនយោបាយនៃការប្រឈមមុខដាក់គ្នា" ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។