សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំកម្មវិធីធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនីដែលមានការចូលរួម ៦៣នាក់ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ នៅទន្លេ វ៉ៃគោ ខេត្តស្វាយរៀង ដើម្បីប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិប្រចាំឆ្នាំ២០២៥ ក្រោមការប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានគូសបញ្ជាក់ថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនេះ គឺដើម្បីហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមការប្រកួតកម្រិតពិភពលោក អាស៊ីអាគ្នេយ៍ និងអាស៊ី ដែលមានកីឡាករ កីឡាការិនីចូលរួម ៦៣នាក់មកពីក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានកងទ័ពជើងទឹក ខេត្តកំពង់ធំ និងខេត្តស្វាយរៀង លើប្រភេទកីឡាទូកកានូ កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។ ការធ្វើតេស្តនេះ មានគោលបំណងជ្រើសរើសធនធានកីឡាករដែលមានសក្តានុពល និងសមត្ថភាពល្អបំផុត ជ្រើសរើសជាជម្រើសជាតិសម្រាប់ឆ្នាំ២០២៥ ក្រោមការបំពាក់បំប៉នថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក គង់ សុភាព បន្ថែមថា កីឡាករ កីឡាការិនីចូលរួមធ្វើតេស្តទាំងអស់នេះ តម្រូវធ្វើតេស្ត រត់ចម្ងាយ ២០០០ ម៉ែត្រ , ឡើងរបារហ្វិច (Chin-Up) ធ្វើតេស្តជាមួយទូកតាមប្រភេទវិញ្ញាសានីមួយៗ រួមមានទូកកានូចម្ងាយ ២០០ ម៉ែត្រ, ទូកកាយ៉ាក់ ២០០ ម៉ែត្រ និងទូករ៉ូអ៊ីង ៥០០ម៉ែត្រ។ ក្រៅពីនេះ ក៏មានការធ្វើតេស្តសុខភាពទូទៅ និងតេស្តរកសារធាតុគ្រឿងញៀនផងដែរ ដើម្បីធានាសុវត្ថិភាព និងសុជីវធម៌នៃវិស័យកីឡា។ សហព័ន្ធក៏បានកំណត់លក្ខខណ្ឌសម្រាប់ការជ្រើសរើសជាដាច់ខាត ពាក់ព័ន្ធនឹងអាយុរបស់កីឡាករ កីឡាការិនី ត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ មានសុខភាពល្អ កាយសម្បទាមាំមួន និងត្រូវចេះហែលទឹក។ បន្ថែមពីនេះ កីឡាករ កីឡាការិនីត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ដូចជាមិនប្រើប្រាស់សារធាតុហាមឃាត់ (ដូពីង) មិនសេពគ្រឿងស្រវឹង និងមិនចាកចេញពីជំរុំហ្វឹកហាត់ជាដើម។

លោក គង់ សុភាព បានលើកឡើងទៀតថា ការធ្វើតេស្តនេះ សហព័ន្ធបានជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌បំផុត សម្រាប់កីឡាករ កីឡាការិនី ដែលមានសមត្ថភាពទេពកោសល្យពិតប្រាកដ ទើបជាប់ក្នុងការធ្វើតេស្តនេះ ព្រោះត្រូវឆ្លងកាត់គណៈកម្មការវាយតម្លៃជាច្រើននាក់ ក្នុងនោះ គ្រូបង្វឹក និងថ្នាក់ដឹកនាំវាយតម្លៃបន្ថែមទៀតផងដែរ។ ការជ្រើសរើសនេះ ជាអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដោយកីឡាករ កីឡាការិនីជម្រើសជាតិត្រូវតែមានទេពកោសល្យល្អ ជាធនធានប្រកបដោយសក្តានុពល ដើម្បីត្រៀមដណ្តើមមេដាយជូនជាតិពីការប្រកួតកម្រិតអន្តរជាតិនានា ពិសេសគឺកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នាខែធ្នូ ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា គណៈកម្មការធ្វើតេស្តមិនទាន់កំណត់យកចំនួនប៉ុន្មាននៅឡើយទេ ដែលក្រោយកីឡាករ កីឡាការិនីបានឆ្លងកាត់ការធ្វើតេស្តនេះ អ្នកដែលធ្វើបានពិន្ទុល្អៗទាំងអស់នឹងត្រូវបញ្ជូនឈ្មោះទៅកាន់ថ្នាក់ដឹកនាំដើម្បីសម្រេច និងងប្រកាស នាពេលខាងមុខ៕