ភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានស្នើ​ឱ្យ​ម្ចាស់​កម្មវិធី ឬម្ចាស់​សង្វៀនរៀបចំការ​ប្រកួត​កម្រិតថ្នាល គួរណាស់ផ្តល់​តម្លៃខ្លួន​ដល់​កីឡាករ​ថ្នាល ចាប់ពី​២០ម៉ឺន​រៀល​ឡើងទៅ ដើម្បី​រួមចំណែក​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួមហ្វឹកហាត់​ប្រដាល់​គុនខ្មែរបានកាន់តែ​ច្រើន ក៏ដូចជា​លើក​កម្ពស់​ជីវភាព​ដល់​កីឡាករថ្នាល ជាពិសេស​អ្នក​ធ្វើដំណើរ​មកពី​ខេត្ត​ឆ្ងាយៗ។​


  ការ​លើក​ឡើង​បែបនេះ​​បែប​នេះ ដោយសារ​ឯកឧត្តម ខូវ ឆាយ បាន​ទទួល​ដំណឹង​មក​ថា មាន​ម្ចាស់​កម្មវិធី​ថ្នាល​មួយចំនួន បាន​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ថ្នាល​ក្នុងកម្រិត​ក្រោម១០ម៉ឺន​រៀល ក្នុង​មួយ​ប្រកួត ដែល​មិនអាចឱ្យ​ពួកគេ​សល់​ថវិកា សម្រាប់​យក​ទៅ​ជួយ​ដល់​គ្រួសារ​នោះ​ទេ ព្រោះការ​ធ្វើ​ដំណើរ​មក​ប្រកួត​ត្រូវចំណាយ​ច្រើន។
ឯកឧត្តម ខូវ ឆាយ បាន​បង្ហោះសារ​បែបនេះ​ថា៖ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងរៀបចំការប្រកួតថ្នាលគុនខ្មែរ ប្រចាំសប្តាហ៍ នៅសង្វៀនឯកភ្នំ ខេត្តបាត់ដំបង និងសង្វៀនផ្សាររាត្រី៦០ម៉ែត្រ ខេត្តសៀមរាប ព្រមទាំងសង្វៀនថ្នាលចល័ត តាមបណ្តាខេត្ត ក្រុង ស្រុកនានាទូទាំងប្រទេស សឹងតែរៀងរាល់សប្តាហ៍ ដោយបានឧបត្ថម្ភតម្លៃខ្លួនកីឡាករ កីឡាការិនី ថ្នាលចាប់២០ម៉ឺនរៀលឡើង រហូតដល់៤០ម៉ឺនរៀល ទៅតាមកម្រិតអាយុ»។
បន្ថែម​លើនេះ សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ក៏មានការឧបត្ថម្ភថ្លៃធ្វើដំណើរ និងថ្លៃទ្រទ្រង់ក្លឹបគ្រប់ៗគ្នា ដើម្បីជួយលើកស្ទួយជីវភាព និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីថ្នាលយើង ឱ្យ​ងាកមកចូលរួមហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់​ថា៖ «ក្នុងឱកាសនេះដែរ ខ្ញុំបាទក៏សូមសំណូមពរដល់ម្ចាស់កម្មវិធីថ្នាលដ៏ទៃទៀត សូមផ្តល់តំលៃខ្លួនកីឡាករ កីឡាការិនីថ្នាល​ឱ្យ​បានសមរម្យ ទៅតាមកម្រិតនីមួយៗ គួរតែយ៉ាងតិចចាប់ពី២០ម៉ឺនរៀលឡើង ដើម្បីជួយទ្រទ្រង់ជីវភាពថ្នាលយើងផង។ កូនគេកូនយើង គួរឱ្យ​អាណិតណាស់»៕