ភ្នំពេញ ៖ 

មន្ត្រីនគរបាលម្នាក់ បានទះកំផ្លៀងនិងដាល់បងស្រីបង្កើតខ្លួនឯង ទម្លាក់ពីលើកៅអី រួចវាយជាន់ក រហូតដល់សន្លប់ លុះពេលឃើញបែបនេះ ស្ត្រីម្នាក់ទៀតដែលត្រូវបងប្អូនជីដូនមួយ បានចូលទៅជួយឃាត់ ក៏ត្រូវជននោះ ទាញកៅអីវាយ បណ្ដាលឲ្យបែកក្បាលម្នាក់ទៀត ។ 

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣0នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅខាងក្រោយវត្ត ហារ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

មន្រ្តីនគរបាលខាងលើ ឈ្មោះ ហុក វាសនា អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីនគរបាលស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកស្រ្តីរងគ្រោះឈ្មោះ ម៉ៅ ថុល អាយុ៧៩ឆ្នាំ ត្រូវជាបងស្រីបង្កើត រស់នៅក្នុងភូមិកើតហេតុនោះដែរ  រីឯស្រ្តីជាបងជីដូនមួយរងរបួសបែកក្បាមិនទាន់ត្រូវបានស្គាល់ឈ្មោះនោះទេ ។ 

ប្រជាពលរដ្ឋ បាននិយាយថាជនរងគ្រោះនិងជនសង្ស័យជាបងប្អូនបង្កើតនិងគ្នា ហើយជនសង្ស័យដែលជាប្អូន បានលែងលះជាមួយប្រពន្ធច្រើនឆ្នាំមកហើយ តាំងពីកូនៗរបស់គាត់នៅតូចៗ ហើយ បានយកមកផ្ញើនិងស្ត្រីរងគ្រោះ រហូតដល់ពេលនេះ កូនៗពេញក្រមុំពេញកម្លោះអស់ទៅហើយ ។ ប៉ុន្តែចាប់ពីក្រោយពេលលែងលះជាមួយប្រពន្ធរួចមកបានធ្វើឲ្យជនសង្ស័យ មានសតិមិនសូវល្អឆេវឆាវតែងរករឿងឈ្លោះជាមួយបងស្រីបង្កើតរបស់ខ្លួនជាច្រើនលើកមកហើយ និងធ្លាប់បង្កហិង្សាវាយបងស្រីរបស់ខ្លួនចំនួន២ដងមកហើយដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ក៏បានចុះទៅអន្តរាគមន៍ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ផងដែរ ៕