ថ្មីៗនេះ នៅក្នុងវិស័យសិល្បៈថៃ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលទទួលបានដំណឹងមួយថា តារាសម្ដែងវ័យចំណាស់ដែលមានឈ្មោះថា “ស៊ីដា ផួភិម៉ុន” តួអង្គក្នុងរឿង “បំណុលស្នេហ៍ចម្ការទុរេន” ឬ “វិមាណណាម-Viman Nam” និងជាម្ដាយរបស់អតីតតារាសម្ដែងដ៏ល្បីលោក អ៊ហ្វ អាភិឆាត ផួភិម៉ុន (Off Apichat Puapimol) បានទទួលមរណភាពហើយ ដោយសាកសពត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ស្នាក់មួយកន្លែងក្នុងតំបន់ឡាតផ្រាវ ទីក្រុងបាងកក ប្រទេសថៃ។ យ៉ាងណាមិញជុំវិញនឹងករណីស្លាប់របស់តារាសម្តែងស្រីរូបនេះ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ។

គួរឱ្យដឹងថា តារាសម្តែងថៃរូបនេះ កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៥៥។ លោកស្រីបានដើរនៅក្នុងវិស័យសិល្បៈអស់ជាង ៤៦ ឆ្នាំមកហើយ និងបានបន្សល់ទុកនូវស្នាដៃរឿងល្បីៗជាច្រើន ក្នុងនោះរឿងដែលបានចាក់បញ្ចាំងក្នុងរោងកុនចុងក្រោយបង្អស់របស់លោកស្រីគឺរឿង “បំណុលស្នេហ៍ចម្ការទុរេន” ដែលបានចូលរួមសម្តែងដោយ កញ្ញា អ៊ីងហ្វា វ៉ារ៉ាហាក់ ផងដែរ៕