ឡាំយ៉ៃ ហៃថងខាំ តារាចម្រៀងថៃបែបស្រុកស្រែ ប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការបញ្ចប់សម្ព័ន្ធភាពជាមួយគូស្នេហ៍របស់ខ្លួន ក្រោយពេលស្រឡាញ់គ្នាអស់រយៈពេល ៩ ឆ្នាំ។
នៅលើគណនេយ្យផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីរូបនេះ បានចេញមកបញ្ជាក់ពីការបែកគ្នាជាមួយមិត្តប្រុសថា ជាការសម្រេចចិត្តបែកគ្នាដោយមានការយល់ស្របរៀងខ្លួន មិនមានបញ្ហារឿងជនទីបី ឬបញ្ហាជម្លោះណាមួយនោះទេ។ នាង បានបញ្ជាក់បន្ថែមថា បើទោះបីជាមានការបែកគ្នាក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែបន្តការគោរពគ្នាទៅវិញទៅមកដដែល។
យ៉ាងណាមិញក្រោយពេលពត៌មាននៃការបែកបាក់ស្នេហារបស់ពួកគេត្រូវបានផ្សព្វផ្សាយរួចមក អ្នកគាំទ្រជាច្រើន បាននាំគ្នាចូលទៅបញ្ចេញមតិនិងលើកទឹកចិត្ត ឱ្យពួកគេទាំងពីរនាក់ផងដែរ។
គួរឱ្យដឹងដែរថា នាង ឡាំយ៉ៃ និងមិត្តប្រុស បានស្រឡាញ់គ្នាតាំងពីតារាចម្រៀងស្រីរូបនេះនៅមិនទាន់មានភាពល្បីល្បាញមកម្ល៉េះ រហូតនៅក្នុងឆ្នាំ ២០១៩ ទើបពួកគេចេញមកប្រកាសជាសាធារណៈពីសម្ព័ន្ធភាពស្នេហ៍របស់ពួកគេ ហើយកន្លងមកក៏មានពត៌មានចុះផ្សាយដែរថា ពួកគេនឹងសាងគ្រួសាររួមគ្នានៅក្នុងថ្ងៃខាងមុខ ប៉ុន្តែចំណងស្នេហារបស់ពួកគេបែរជាត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥នេះទៅវិញ៕