ប្រជាជនហៃទីនៅក្នុងរដ្ឋធានី ផត អូព្រីន បានធ្វើបាតុកម្មប្រឆាំងនឹងអំពើអសន្តិសុខដែលអូសបន្លាយ ដោយក្រុមឧក្រិដ្ឋជន ដែលបានកាន់កាប់តំបន់ជាច្រើននៃទីក្រុង និងបង្ខំជំរុញឲ្យមនុស្សជាច្រើនផ្លាស់ទីលំនៅ។ ក្រុមបាតុករ រួមទាំងជនភៀសខ្លួនហៃទី បានទាមទារឲ្យមានវិធានការបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអសន្តិសុខ និងការលាលែងពីតំណែងរបស់សមាជិកក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។ សម្ព័ន្ធក្រុមឧក្រិដ្ឋជន វីវ អាន់សាន បាននិងកំពុងបង្កើនការវាយប្រហារចាប់តាំងពីកងកម្លាំងសន្តិសុខរដ្ឋាភិបាល ចាប់ផ្តើមបើកការវាយប្រហារលើក្រុមនេះដោយយន្តហោះគ្មានមនុស្សបើកដែលផ្ទុកសារធាតុផ្ទុះ។ រដ្ឋាភិបាលរបស់ប្រទេសហៃទី ក៏បានអំពាវនាវឲ្យមានការគាំទ្រផ្នែកសន្តិសុខអន្តរជាតិជាបន្ទាន់ ចាប់តាំងពីឆ្នាំ 2022 ហើយកាលពីពេលថ្មីៗនេះ ក៏បានស្នើសុំឲ្យមានវត្តមានរបស់កងកម្លាំងបេសកកម្មរក្សាសន្តិភាពជាផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីជួយអន្តរាគមន៍នៅក្នុងអំពើហឹង្សាដែលបានជំរុញឲ្យមនុស្សប្រមាណ 42.000 នាក់ ភៀសខ្លួនចេញពីលំនៅដ្ឋាន។