មនុស្សស្លាប់ចំនួន២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នា នៅឃុំអង្គសុរភី ស្រុកកំពង់ត្រាច

National • March 03, 2025
 មនុស្សស្លាប់ចំនួន២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នា នៅឃុំអង្គសុរភី ស្រុកកំពង់ត្រាច

ខេត្តកំពត ៖

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូនិងរថយន្តនៅលើផ្លូវជាតិលេខ៣១ គីឡូម៉ែត្រលេខ៥៣ ស្ថិតនៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត  ទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត១Q ២៣៤០ បើកបរដោយឈ្មោះ គឹម សុខគីម ភេទប្រុសអាយុ១៥ ឆ្នាំ និងអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ គឹម វណ្ណា ភេទប្រុសអាយុ១៦ឆ្នាំ  ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់កន្លែងកើតហេតុខាងលើ ដោយបើកបរខ្វះការប្រុងប្រយ័ត្នបំពានផ្លូវ ក៏បានជ្រុលចង្កូតទៅបុកគ្នាជាមួយរថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌ខៀវ  ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-០០២៨ ដែលអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ធ្វើដំណើរ ទិសដៅ ពីលិចទៅកើត បញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរជាមួយ ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។

ចំណែកអ្នកបើករថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។

ចំពោះសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

រីឯ វត្ថុតាងទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចជាបណ្តោះអាសន្ន ៕







x Enlarged Image