ស្ត្រីកែភេទដ៏មានឥទ្ធិពលនៅក្នុងវិស័យប្រកួតសម្រស់ និងជាម្ចាស់ជ័យលាភីលេខ១ពីកម្មវិធីប្រកួតសម្រស់ភេទទីបី Miss Queen Cambodia 2020/21 និងជាលំដាប់រងទី១ Miss Universe Cambodia 2023 កញ្ញា សៃហ្វុន ថ្មីៗនេះ បានបង្ហើបរឿងក្នុងចិត្តមួយទៅកាន់មហាជន ដោយទទូចចង់បានការផ្តល់ឱកាសពីផលិតករក្នុងស្រុកទៅលើការសម្តែងភាពយន្តនានា។ ជាការពិតណាស់ ក្រោយពេលដើរនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តារាស្រីរូបនេះ មិនសូវជាបង្ហាញមុខនិងស្ទើរតែមិនមានមុខនៅក្នុងខ្សែភាពយន្តភាគ ឬរឿងដុំនោះឡើយ។ ដោយឡែកទាក់ទងនឹងបញ្ហានេះ សៃហ្វុន បានឱ្យដឹងថា ខ្លួនពិតជាចង់មានមុខនៅក្នុងភាពយន្តខ្មែរខ្លាំងណាស់។ សៃហ្វុន ថែមទាំងបានសង្កត់ន័យធ្ងន់ៗផងដែរថា តួដែលខ្លួនចង់សម្តែង មិនចំពោះតែតួអង្គជាភេទទីបីនោះទេ គឺចង់ឱ្យផលិតករផ្តល់សិទ្ធិឱ្យខ្លួនបានសម្តែងដូចជាតារាសម្តែងស្រីៗដទៃទៀតជាដើម។ ជាមួយគ្នានេះ សៃហ្វុន បានឱ្យដឹងបន្ថែមថា តួអង្គដែលខ្លួនស្រឡាញ់ និងចង់សម្តែងនោះគឺរឿងបែបបុរាណ។ មូលហេតុដែលតារាស្រីរូបនេះចង់សម្តែងជាតួអង្គនៅក្នុងរឿងបុរាណក៏ដោយសារតែខ្លួនមានទំនោរស្រឡាញ់និងចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរ។ ដូចនេះបើសិនជាផលិតករលោកមើលឃើញពីសមត្ថភាពដែលខ្លួនមាន និងបានផ្តល់ឱកាស កញ្ញាសន្យាថានឹងខិតខំសម្តែងឱ្យបានល្អ និងសប្បាយចិត្តក្នុងចូលរួមផងដែរ។
គួរឱ្យដឹងថា កញ្ញា សៃហ្វុន ធ្លាប់បានចូលរួមសម្តែងរឿងកុនខ្នាតធំជាលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា “ថ្វាយបំពាន” និងបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ ២០២៤ មកម្ល៉េះ៕