ភ្នំពេញ៖ 

មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខណៈបន្ទប់រដ្ឋបាលរោងចក្រកាត់ដេរយ៉ាក ជីង (ខេមបូឌា) អ៊ីន ស្ថិតនៅភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះ បណ្ដាលមកពីហេតុការឆ្លងចរន្តអគ្គិសនី ។ 

ប៉ុន្តែជាសំណាងល្អខ្លាំងណាស់ ដែលបុគ្គលិករោងចក្រយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ចំនួន១០បំពង់ទើបរលត់ទៅវិញទាំងស្រុង មុនពេលរថយន្តពន្លត់អគ្គិភ័យ២គ្រឿងរបស់កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ទៅដល់ ។

កម្មករនិយាយថា រោងចក្រនេះ មានកម្មករបម្រើការងារជាង៣ពាន់នាក់ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពួកគាត់ចូលទៅដល់ក្នុងរោងចក្រ ជាងភ្លើងបើកភ្លើងក្នុងអគារ ស្រាប់តែមានហេតុការណ៍ឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះបន្ទប់រដ្ឋបាលរោងចក្រ បង្កឲ្យមានផ្សែងហុយពេញរោងចក្រ ។ ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយពួកគាត់ បាននាំគ្នារត់ចេញក្រៅ លុះស្ងប់ស្ងាត់ពួកគាត់បានចូលទៅវិញ ស្រាប់តែឆ្លងចរន្តម្ដងទៀត ទើបនាំគ្នាំគ្នារត់ចេញក្រៅវិញជាលើកទី២ទៀត ហើយពេលនោះ ខាងរោងចក្រ បានឲ្យឈប់សម្រាក១ព្រឹក ពេលថ្ងៃទើបចូលធ្វើការវិញ ៕