ទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង កីឡាករ-កីឡាការិនី ជាង ៥០០នាក់ចូលរួម និងកៀគរបានថវិកាជាង ៧ពាន់ដុល្លារ សម្រាប់ជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាទៀតផង។
កម្មវិធីនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និង ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាប្រធាន លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំង ឯកអគ្គរាជទូត និងតំណាងស្ថានទូត នៃ បណ្តាប្រទេសមេគង្គ-ឡាងឆាង ថ្នាក់ដឹកនាំដោ ក្រសួង/ស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សារា ភ្ញៀវកិត្តិយសនានា និងសាធារណជន សរុបប្រមាណ ៥០០នាក់។
ឯកឧត្តម មាស គឹមហេង បានគូសបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរ «ទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ក្នុងឱកាសគម្រប់ខួប ៩ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការរៀបចំកម្មវិធី រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ព្រមទាំងទិវារត់កម្សាន្ដ ចម្ងាយ ៥គីឡូម៉ែត្រ នៅក្រុងសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក៏ដូចជាឆ្លុះបញ្ចាំងពីសមិទ្ធិផលសំខាន់ៗ នៃភាពជាដៃគូរប្រកបដោយបរិយាបន្នក្នុងក្របខ័ណ្ឌ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន តាមរយៈការលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកីឡា។
ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា មានប្រសាសន៍ថា នេះជាអត្តសញ្ញាណមួយ នៃបណ្តាប្រទេស សមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងដ៏សំខាន់ ដើម្បីជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណជនគ្រប់រូប។ ឯកឧត្តមបន្តទៀតថា កម្មវិធីនេះមិនមែនត្រឹមតែជាសក្ខីភាព នៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេង នៃភាពជាដៃគូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាពតាមរយៈ ស្មារតីកីឡា ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ផងដែរ។
គួរដឹងថា ក្នុងឱកាសទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំ និងមហាជនប្រមាណ ៥០០នាក់ បានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាង ប្រជាជន និង ប្រជាជន នៃបណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់ ជាពិសេស ទិវានេះក៏បានរៃអង្គាសថវិកាសមនុស្សធម៌ ចូលរួមដោយស្ម័គ្រចិត្តចំនួន ៧.៦៨២ ដុល្លារអាមេរិក ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រើដល់សេវាថែទាំសុខភាពកុមារផងដែរ៕