ក្រុមហួទីសរបស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃអង្គារ ទី11 ខែមីនាថា ពួកគេនឹងបន្តវាយប្រហារលើកប៉ាល់អ៊ីស្រាអែលណា ដែលបំពានការហាមឃាត់ ដែលឆ្លងកាត់សមុទ្រក្រហម ច្រក បាប អាល់ ម៉ាន់ដាប់ និងឈូងសមុទ្រអាដែន។ នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍អ្នកនាំពាក្យយោធាក្រុមហួទីស បាននិយាយថា កប៉ាល់អ៊ីស្រាអែលទាំងអស់ដែលបំពានលើបម្រាមនេះ នឹងត្រូវកំណត់គោលដៅ ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការដកការរារាំងជំនួយទៅកាន់តំបន់ហ្គាហ្សាក្នុងរយៈពេល 4 ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ក្រុមហួទីសដែលកាន់កាប់តំបន់ភាគច្រើននៃប្រទេសយេម៉ែន បានធ្វើការវាយប្រហារច្រើនជាង 100 ដង លើការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2023 ក្នុងការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ខណៈដែលការវាយប្រហារនេះបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឲ្យក្រុមហ៊ុននានា ផ្លាស់ប្តូរផ្លូវដឹកជញ្ជូនដែលមានរយៈពេលយូរ និងថ្លៃជាងមុន។